ដោយ:រ៉ាម៉ន/ភ្នំពេញ: ក្នុងជំនួបសម្តែងការគួរសមរវាង លោក ហ្វ្រង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាឯកច្ឆន្ទ។
លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក នៅប្រទេសថៃប្រទេសវៀតណាមជាដើម ។ល។ ការចងសម្ព័ន្ធមេត្រីភាពនេះនឹងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យមានវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍ និងបរិស្ថាន ជាដើមដោយយើងមិនបានគិតថាជាទីក្រុងតូច ឬទីក្រុងធំនោះទេ។
ជុំវិញបញ្ហានេះ លោក ឃួង ស្រេងបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅរាជរដ្ឋាភិបាល កម្ពុជាដើម្បីពិនិត្យ និងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យ និងសម្រេចហើយនោះ ទីក្រុងទាំង២នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាផ្លូវការ។
លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងរបបប៉ុល ពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រទេសហើយបានធ្វើឲ្យប្រទេសជាតិមួយនេះដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វបច្ចុប្បន្ននេះ។ ជាពិសេសក្នុងពេលដែលកម្ពុជារីករាលដាលដោយជំងឺកូវីដ១៩ រយៈពេល២ឆ្នាំកន្លងទៅសម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុតដោយស្វែងរកវ៉ាក់សាំងផងទិញផងយកមកចាក់ឱ្យពលរដ្ឋកម្ពុជាពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញជាផ្ការីកចេញទៅខេត្តនានាទូទាំងប្រទេសទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីទៀតផង។
ក្នុងឱកាសនេះដែរ លោក ហ្វ្រង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជានឹងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុង និងទីក្រុង វានឹងធ្វើឲ្យ យើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាត និងគមនាគមន៍ជាដើម។ ទីក្រុងទាំងពីរនឹងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។
បន្ថែមពីនេះទៀត លោក ហ្វ្រង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសំដែងនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត ។ លោកបញ្ជាក់ថា នៅកម្ពុជា មានសម្ដេចតេជោហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ជាក់ស្ដែង អ្វីដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង បើទោះបីក្នុងដំណាក់ការនៃការរីករាលដាលជម្ងឺ -១៩ក៏ដោយ៕