ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូនថ្មីចំនួន ៣ ដែលជាផ្នែកនៃត្រកូល Galaxy S22 របស់ខ្លួន រួមទាំងឧបករណ៍តម្លៃ ១.៥០០ ផោន (២.០៣០ ដុល្លារ) ជាមួយនឹងប៊ិកដ៏ល្បីល្បាញរបស់ក្រុមហ៊ុន។
ការបន្ថែមចុងក្រោយបំផុតចំពោះស៊េរី S របស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េរួម គឺមានទូរស័ព្ទស៊េរីស្តង់ដារ S22 ដែលមានតម្លៃចាប់ពី ៧៦៩ ផោន ស៊េរី Plus តម្លៃចាប់ពី ៩៤៩ ផោន និងស៊េរី Ultra ដែលមានតម្លៃចាប់ពី ១.១៤៩ ផោនដល់ ១.៤៩៩ ផោន អាស្រ័យលើសមត្ថភាព Memory។ ១ ផោន គឺស្មើនឹង ១,៣៥ ដុល្លារ។
សម្រាប់ម៉ូដែលស្ដង់ដារ Samsung បានបង្រួញទំហំអេក្រង់បន្តិច មកនៅត្រឹម ៦,១ អ៊ីង ធៀបនឹង ៦,២ អ៊ីងនៃទូរស័ព្ទ Galaxy S21 ស្តង់ដារកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ ទូរស័ព្ទ Galaxy S22 Plus មានអេក្រង់ធំជាងមុនបន្តិច គឺ ៦,៦ អ៊ីងធៀបនឹង ៦,៥ អ៊ីញនៃទូរស័ព្ទ S21 Plus កាលពីឆ្នាំមុន។
Galaxy S22 Ultra របស់ Samsung ដែលជាទូរស័ព្ទធំជាងគេក្នុងត្រកូលថ្មីនេះ គឺមានអេក្រង់ទំហំ ៦,៨ អ៊ីងដូចជំនាន់មុនរបស់វាដែរ ប៉ុន្តែវាក៏រួមបញ្ចូលប៊ិក S-Pen ជាលើកដំបូងមិនធ្លាប់មាននៅក្នុងស៊េរី S របស់ Samsung ផងដែរ។
ប៊ិក S-Pen គឺជាមុខងារសំខាន់មួយរបស់ស៊េរី Note របស់ Samsung ដែលត្រូវបានបញ្ឈប់កាលពីខែធ្នូឆ្នាំមុន។
ការនាំយកប៊ិក S-Pen ទៅកាន់ទូរស័ព្ទ S22 Galaxy Ultra ត្បិតមិនមានចំពោះម៉ូដែលថ្មីតូចជាងនិងថោកជាងពីរម៉ូតផ្សេងទៀត គឺមានន័យថា អ្នកប្រើប្រាស់នឹងអាចបង្កើតអ្វីៗគ្រប់យ៉ាងចាប់ពីបញ្ជីទិញទំនិញនិងកំណត់ត្រាសិក្សារហូតដល់គំនូរព្រាងនិងឯកសារដែលអាចចុះហត្ថលេខាបាន។
Samsung Galaxy S22 និង S22 Plus នឹងចេញលក់ជាទូទៅនៅថ្ងៃទី ១១ ខែមីនា ដែលមានពណ៌ស ខ្មៅ បៃតង និងផ្កាឈូកមាស ខណៈដែលទូរស័ព្ទ Ultra ដែលមានតែពណ៌ឈាមជ្រូក នឹងដាក់លក់មុនគេគឺនៅថ្ងៃទី ២៥ ខែកុម្ភៈ៕
ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានបង្ហាញកាលពីថ្ងៃពុធទី៩កុម្ភៈ