ដោយៈវណ្ណៈ/ព្រះសីហនុៈ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ពេលកន្លងទៅថ្មីៗខណៈចុះត្រួតពិនិត្យ ការ ពង្រីកផ្លូវជាតិលេខ៤កន្លងមកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ រួចហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែម្តង។
ចំពោះការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១១ម៉ែត្រផងដែរ។
ទន្ទឹមនឹងការដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងនោះដែរផ្លូវនេះនឹងមិនអនុញ្ញាតឲ្យម៉ូតូតូច និងរថយន្តដែលបើកបរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរលើផ្លូវនេះឡើយ។
ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ។
សុំបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លា៕