ដោយ:ពៅនិមល/ភ្នំពេញ: ក្រុមហ៊ុនអចលនទ្រព្យ ជេអេស លែន ភីអ៊ិលស៊ី (JS Land PLS) បានក្លាយជាក្រុមហ៊ុនដំបូង ដែលចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា(CSX) នៅដើមឆ្នាំ២០២២នេះ ក្នុងការប្រកាសលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការ។
នៅក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន ជេអេស លែន ភីអ៊ិលស៊ី កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ជេអេស លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលចុះបញ្ជីលក់ភាគហ៊ុននៅទីផ្សារកំណើននៃផ្សារមូលបត្រកម្បុជា និងជាក្រុមហ៊ុនទី១៦ ដែលទទួលជោគជ័យក្នុងការកៀរគរទុនតាមរយៈទីផ្សារមូលបត្រផងដែរ។លោកឲ្យដឹងទៀតថា ការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានទំហំមូលធននីយកម្មសរុបប្រមាណ ៤៦ប៊ីលានរៀល ឬប្រមាណ ១២លានដុល្លារ ដោយមួយភាគហ៊ុន មានតម្លៃចាប់ពី ១.៩០០រៀល។
លោកអគ្គនាយក បានសង្ឃឹមថា ជាមួយនឹងវត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ក៏ដូចជាក្រុមហ៊ុនក្នុងវិស័យនានាដែលមានសក្តានុពល ពិចារណាពីការធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារហ៊ុន ដែលការណ៍នេះបញ្ជាក់ឲ្យឃើញថា ផ្សារហ៊ុនមិនមែនជាច្រកហិរញ្ញប្បទានសម្រាប់តែក្រុមហ៊ុនធំៗនោះទេ តែក៏ជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីផងដែរ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់វិនិយោគិនសក្តានុពល ពិនិត្យមើលឲ្យយកចិត្តទុកដាក់មកលើភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីនៅ CSX ទាំងទីផ្សារគោល និងទីផ្សារកំណើនដើម្បីចាប់យកឱកាសក្នុងការវិនិយោគលើក្រុមហ៊ុនដែលមានសក្តានុពលនៅកម្ពុជា ដើម្បីរីកចម្រើនជាមួយគ្នានាពេលអនាគត។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនយ័តករមូលបត្រកម្ពុជា បានលើកឡើងថា កម្មវិធីនេះគឺបង្ហាញពីការវិវត្តន៍ថ្មីរបស់ទីផ្សារមូលបត្រកម្ពុជា និងឆ្លុះបញ្ចាំងឲ្យឃើញនូវឆន្ទៈរបស់ក្រុមហ៊ុនវិនិយោគិនសាធារណៈ ហើយក៏បង្ហាញពីទំនុកចិត្តទីផ្សារដែលបាននិងកំពុងកើតមានឡើងដែលអនុញ្ញាតឲ្យយើងជាច្រកមួយសម្រាប់ពិពិធកម្មហិរញ្ញប្បទានរបស់ក្រុមហ៊ុន។
លោក កុយ ឡឺសាន ប្រធានប្រតិបត្តិក្រុមហ៊ុន ជេអេស លែន បានរាយការណ៍ពីក្រុមមហ៊ុនរបស់លោកថា បានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយសហគ្រិនមួយក្រុមដែលមានសមាជិក ៥រូប មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង ដែលសុទ្ធតែមានបទពិសោធន៍ច្រើន និងច្បាស់លាស់ នៅក្នុងវិស័យអភិវឌ្ឈន៍អចលនទ្រព្យ សណ្ឋាគារ ក៏ដូចជាវិស័យអភិវឌ្ឈន៍ដទៃទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។
លោកបានប្តេជ្ញាចិត្តក្នុងរយៈពេលវែងខាងមុខ នឹងបង្កើនអាជីវកម្មឲ្យកាន់តែរីកចម្រើនថែមទៀត និងជឿជាក់ថា ជាមួយការចេញលក់ជាសាធារណៈ និងចុះបញ្ជីក្នុងផ្សារមូលបត្រកម្បុជា នឹងជួយឲ្យសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុនទៅមុខបន្តទៀត។
គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រមានប្រមាណជាង ២៨១លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនដល់ ២៣៤.៦២៨ហ៊ុន ក្នុង១ថ្ងៃ ពោលគឺមានការកើនឡើងប្រមាណ ៤០០ភាគរយ រីឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមបានកើនដល់ ២៦៩.១៦៩ដុល្លារអាម៉េរិក កើនឡើង ១២៧ភាគរយ និងចំនួនគណនីជួញដូរក៏បានកើនឡើងជាង ៤ពាន់គណនី ពោលគឺកើនឡើងដល់ជាង ៣ម៉ឺនគណនី៕