ដោយ:រ៉ាម៉ន/ភ្នំពេញ: នៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងលោអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អ៊ីវ ថាវី នាយករងរដ្ឋបាលខណ្ឌចំការមន បានចុះណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ចំនួន ប្រាំបួនទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក អោយអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សកម្មភាពនេះ មានការចូលរួមពីលោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, រដ្ឋបាលសង្កាត់ទួលទំពូងទី១-សង្កាត់បឹងត្របែក,ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី១-បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ។
ជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មទាំងអស់ ចូលរួមពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង នៅតាមទីតាំងរបស់ខ្លួន ដោយត្រូវដាក់ម៉ាស៊ីនវាស់កម្ដៅ ទឹកអាល់កុល និងរៀបចំទីតាំងអោយមានការរក្សគម្លាតពីគ្នា៕