ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ កម្ពុជាជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានបន្តថាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាពនិងឯកភាពអាស៊ានព្រមទាំងពិភាក្សាគ្នាអំពីរបៀបនិងវិធីសាស្រ្តដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ប្រភពដដែលបញ្ជាក់ថាlokឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗដែលនឹងត្រូវ សម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជាក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រង ជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្នការប្រកួតប្រជែង ភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន៕srn