ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ស៊ុយអែតបានលុបចោលសឹងតែទាំងអស់នូវរាល់ការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគកូរ៉ូណារបស់ខ្លួនកាលពីថ្ងៃពុធទី៩កុម្ភៈហើយបានបញ្ឈប់ការធ្វើតេស្តិ៍ភាគច្រើនសម្រាប់រកកូវីដ១៩ ទោះបីជាសម្ពាធលើប្រព័ន្ធថែទាំសុខភាពនៅតែមានកម្រិតខ្ពស់និងអ្នកវិទ្យាសាស្ត្រមួយចំនួនបានអង្វរឱ្យមានការអត់ធ្មត់បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក៏ដោយ។
រដ្ឋាភិបាលស៊ុយអែត ដែលនៅទូទាំងជំងឺរាតត្បាតនេះបានជ្រើសរើសប្រឆាំងនឹងការបិទខ្ទប់ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងលុបចោលការរឹតបន្តឹងដែលនៅសល់ទាំងអស់ដោយប្រកាសជាធរមានអំពីទីបញ្ចប់នៃជំងឺរាតត្បាត ខណៈវ៉ាក់សាំងនិងមេរោគអូមីក្រុងមិនបង្កឱ្យមានករណីឈឺធ្ងន់ធ្ងរនិងស្លាប់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី ឡេណា ហាល់លេនហ្គ្រីន (Lena Hallengren) បានប្រាប់កាសែតថា “ដូចដែលយើងដឹងពីជំងឺរាតត្បាតនេះហើយ ខ្ញុំសូមនិយាយថាវាចប់ហើយ។វាមិនទាន់ចប់ទាំងស្រុងមែន ប៉ុន្តែដូចដែលយើងបានដឹងពីវាហើយទាក់ទងនឹងការផ្លាស់ប្តូរយ៉ាងរហ័សនិងការរឹតបន្តឹង” ដោយបន្ថែមថា កូវីដនឹងមិនត្រូវបានចាត់ថ្នាក់ជាគ្រោះថ្នាក់ដល់សង្គមទៀតទេ។
គិតត្រឹមថ្ងៃពុធ បារនិងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យបន្តបើកបន្ទាប់ពីម៉ោង ១១ យប់និងគ្មានការកំណត់លើចំនួនភ្ញៀវនោះទេ។ការកំណត់ចំនួនមនុស្សចូលរួមសម្រាប់ទីតាំងខាងក្នុងអគារធំៗក៏ត្រូវបានដកចេញអស់ផងដែររួមទាំងការប្រើប្រាស់ប័ណ្ណវ៉ាក់សាំង។
ទោះយ៉ាងណាក៏ដោយ មន្ទីរពេទ្យស៊ុយអែតនៅតែមានសម្ពាធខ្ពស់ ដោយមនុស្សប្រហែល ២.២០០ នាក់ដែលមានជំងឺកូវីដនៅតែត្រូវការការថែទាំនៅមន្ទីរពេទ្យប្រហែលដូចនឹងអំឡុងពេលរលកទីបីនៅនិទាឃរដូវឆ្នាំ ២០២១ ដែរ។ ខណៈការធ្វើតេស្តិ៍ដោយឥតគិតថ្លៃត្រូវបានកាត់បន្ថយនៅដើមខែនេះនិងបញ្ឈប់ទាំងស្រុងចាប់ពីថ្ងៃពុធ គ្មាននរណាម្នាក់ដឹងពីចំនួនករណីឆ្លងពិតប្រាកដនោះទេ។
លោក ហ្វ្រេឌីក អែល (Fredrik Elgh)ជាសាស្ត្រាចារ្យផ្នែកមេរោគនៅសាកលវិទ្យាល័យអ៊ូមា (Umea) និងជាអ្នករិះគន់ដ៏ខ្លាំងបំផុតម្នាក់នៃគោលនយោបាយគ្មានការបិទខ្ទប់របស់ស៊ុយអែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “យើងគួរតែមានការអត់ធ្មត់បន្តិចទៀត រង់ចាំយ៉ាងហោចណាស់ពីរបីសប្តាហ៍ទៀត។ ហើយយើងមានស្តុកស្តម្ភគ្រប់គ្រាន់ដើម្បីបន្តការធ្វើតេស្តិ៍”។
លោកបានបន្តថា “ជំងឺនេះនៅតែជាសម្ពាធដ៏ធំនៅក្នុងសង្គម”៕
មនុស្សជួបជុំនៅក្រៅក្លឹបរាត្រីមួយនៅក្រុងម៉ាល់ម៉ូ ប្រទេសស៊ុយអែត នៅពេលប្រទេសប្រកាសជំងឺឆ្លងកូវីដ១៩ចប់