ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានបញ្ជាក់ថា ការកសាងសារមន្ទីរនិងទីតាំងប្រវត្តិសាស្ត្រនានាគឺមានសារៈសំខាន់ណាស់សម្រាប់ទុកឱ្យ កូនចៅជំនាន់ក្រោយ រំលឹកនូវអតីតកាល និង ធ្វើការសិក្សាស្វែងយល់ ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោកនិរាស្ត្រព្រាត់ប្រាសនិងសម័យកាលរុងរឿងប្រកបដោយភាពសុខុដុមរមនា ជាពិសេសដូចពេលបច្ចុប្បន្នក្រោមម្លប់ នៃសុខសន្តិភាព។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងបានកសាងឡើងនៅ ឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្រ្គាម ក្នុងនោះទីធ្លាអារាម ទាំងមូលបានក្លាយទៅជាទីលានកប់សព ហើយ ហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុងត្រូវបានបំផ្លាញ។ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ ធ្វើជី និង ជាកន្លែងចិញ្ចឹមសត្វ ផ្សេងៗ ។ ប៉ុន្តែក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនកម្ពុជាបានប្រែមុខមាត់ថ្មីលើគ្រប់វិស័យរួមមានជាអាទិ៍ការគោរពប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព បានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីក ដុះ ដាល ដូចផ្សិត ហើយកម្ពុជា ជាប្រទេស អធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក៕សរន