ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅល្ងាចថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២បានដឹកនាំសម្របសម្រួលកិច្ចប្រជុំធ្វើបទបង្ហាញរបស់តំណាងសមាគមជប៉ុន-កម្ពុជាស្តីពីវិធានការការពាររាជធានីភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោតនិងជំនន់នៃទឹកទន្លេមេគង្គដោយមានការចូលរួមតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹកនិង ឧតុនិយម តាមរយៈការចូលរួមប្រជុំដោយផ្ទាល់និងតាមប្រព័ន្ធវិដេអូហ្សូម( ZOOM) ។

នៅក្នុងកិច្ចចាប់ផ្តើមនៃពិធី លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងអំណរគុណចំពោះ លោក ខូជី ខាន់ហ្សាគី (Koji Kanzaki)ជាមិត្តភ័ក្ត្រចាស់ ដែលមានបទពិសោធន៍ច្រើនលើការងារធ្វើទំនប់និងផ្លូវ ដោយលោកបានចាប់ផ្តើមមកកម្ពុជាក្នុងទស្សវត្សន៍៦០ក្នុងនាមជាអ្នកបច្ចេកទេសដឹកនាំកសាងទំនប់ទឹកស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ។ ។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីការគ្រប់គ្រងធនធានទឹកដែលក្រសួងបានអនុវត្តមកទល់ពេលនេះនិងផែនការចំពោះមុខក្នុងក្របខណ្ឌទូទាំងប្រទេសជាពិសេសគឺវិធានការការពាររាជធានីភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោតនិងជំនន់ទឹកទន្លេមេគង្គដែលតែងតែជួបប្រទះក្នុងរដូវវស្សានាពេលកន្លងមក។

នៅក្នុងអង្គប្រជុំនេះដែរលោក ខូជី ខាន់សាគី បានបង្ហាញអំពីសំណើជាវិធានការដែលត្រូវគិតគូរដើម្បីគ្រប់គ្រងទឹកជំនន់ ដែលតែងបានជួបប្រទះនាពេលកន្លងមកឲ្យមានប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតដើម្បីបង្ការទប់ស្កាត់នូវគ្រោះថ្នាក់និងការខូចខាតបណ្តាលមកពីទឹកជំនន់នៅស្ទឹងព្រែកត្នោតរួមទាំងជំនន់មេគង្គផងដែរ ។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញនិងមតិចំណាប់អារម្មរបស់លោកលឹមគានហោរដ្ឋមន្ត្រីដែលបានគូសបញ្ជាក់អំពីបញ្ហាដែល បានលើកឡើងនិងការងារក៏ដូចជាផែន ការរបស់ក្រសួងបាននិងកំពុងអនុវត្តនិងគ្រោងអនុវត្តនាពេលខាងមុខអង្គប្រជុំបាន វាយតម្លៃខ្ពស់អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានឧទ្ទេសនាមជាធាតុចូលសំខាន់។សមិទ្ធផលលើវិស័យធនធានទឹកដែលសម្រេចបានមកដល់បច្ចុប្បន្ន និងផែនការចំពោះមុខ ដើម្បីការគ្រប់គ្រងធនធានទឹកកាន់តែមានប្រសិទ្ធភាព បង្ការ និងប្រើប្រាស់ទឹកជំនន់សម្រាប់ជាប្រយោជន៍ទ្រទ្រង់ ដល់ជីវិតរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

លោកលឹម គានហោ បានសង្កត់ធ្ងន់អំពីប្រសិទ្ធភាពនិងជោគជ័យក្នុងការគ្រប់គ្រងទឹកជំនន់ គឺពឹងអាស្រ័យលើឆន្ទៈរួមគ្នា ធនធាន ប្រតិបត្តិការ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ៕សរន