ដោយៈដេប៉ូ/ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានបញ្ជាក់ថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់ សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។

ទន្ទឹមនឹងនេះក្រសួងទាំងពីរសម្រេចទុករយៈពេលប្រាំពីរថ្ងៃគិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង នេះ ដើម្បីឱ្យក្រុមហ៊ុន ចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share)និងបំណុលដទៃទៀតដែលក្រុមហ៊ុន នៅជំពាក់រដ្ឋជាកំហិត។

ក្នុងសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុន ឃីង ថេកណឡជី (Opennet)នៅតែគេចវេសមិនព្រមទូទាត់ បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុននិងអនុវត្តមាត្រា៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕សរន