ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈឥណ្ឌូណេស៊ីបានបញ្ជាទិញយន្តហោះចម្បាំងរ៉ាហ្វែល( Rafale)ចំនួន ៤២ គ្រឿងពីប្រទេសបារាំងហើយអាចទិញនាវាមុជទឹកបារាំងពីរគ្រឿង ខណៈសហរដ្ឋអាម៉េរិកបានយល់ព្រមលើលទ្ធភាពទិញយន្តហោះ F-15 ពីសំណាក់ទីក្រុងហ្សាការតាចំនួន ៣៦គ្រឿងក្នុងពេលប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការបញ្ជាទិញដំបូងរបស់ឥណ្ឌូនេស៊ីសម្រាប់យន្តហោះចម្បាំងបារាំងកើតឡើងនៅពេលដែលទីក្រុងហ្សាការតាជំនួសកងយន្តហោះចាស់ដែលភាគច្រើនជាយន្តហោះ F-16របស់អាម៉េរិក និងស៊ុយខយ(Sukhois) របស់រុស្ស៊ី ខណៈការព្រួយបារម្ភកើនឡើងខ្លាំងឡើងអំពីភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិននៅតំបន់អាស៊ី។
កិច្ចព្រមព្រៀងទិញយន្តហោះ Rafale ត្រូវបានប្រកាស ខណៈរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានជួបសមភាគីបារាំងលោកស្រី ផ្លរ៉ង់ ស្ប៉ាលី (Florence Parly) ក្នុងទីក្រុងហ្សាការតា។
លោកស៊ូប៊ីយ៉ានតូបានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់ការទិញយន្តហោះទាំងនេះ ដោយកិច្ចសន្យាមួយបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ទាក់ទងនឹងយន្តហោះចំនួន ៦ គ្រឿងដំបូង។
ក្រសួងការពារជាតិបារាំងបាននិយាយថា កិច្ចសន្យាសម្រាប់យន្តហោះ ៤២ គ្រឿង និងអាវុធរបស់ពួកគេមានតម្លៃ ៨,១ ពាន់លានដុល្លារ។
អ្នកនាំពាក្យលោក អ៊ែរវី ហ្គ្រង់ហ្សង់ (Herve Grandjean) បាននិយាយថាប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើលិខិតមួយផងដែរក្នុងបំណងសម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍទស្សនៈរបស់ឥណ្ឌូនេស៊ីក្នុងការបញ្ជាទិញនាវាមុជទឹក Scorpeneចំនួនពីរគ្រឿង។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាម៉េរិកបាននិយាយថា ខ្លួនបានយល់ព្រមលើលទ្ធភាពលក់យន្តហោះ F-15 រួមជាមួយនឹងឧបករណ៍យោធាផ្សេងទៀតក្នុងតម្លៃប៉ាន់ស្មាន ១៤ ពាន់លានដុល្លារ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការលក់ដែលបានស្នើនេះនឹងធ្វើឱ្យប្រសើរឡើងនូវ “សន្តិសុខនៃដៃគូក្នុងតំបន់ដ៏សំខាន់ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយនិងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយបន្ថែមថាវានឹង “នឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ”។
កិច្ចព្រមព្រៀងអំពីយន្តហោះ Rafale គឺជាសញ្ញាចុងក្រោយបំផុតនៃទំនាក់ទំនងដ៏កក់ក្តៅរវាងទីក្រុងហ្សាការតានិងទីក្រុងប៉ារីសខណៈបារាំងគិតគូរឡើងវិញនូវសម្ពន្ធភាពរបស់ខ្លួននៅក្នុងតំបន់បន្ទាប់ពីការដួលរលំកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យទៅអូស្ត្រាលីតម្លៃរាប់ពាន់លានដុល្លារកាលពីខែកញ្ញា។
ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បានស្វាគមន៍ការសម្រេចចិត្តរបស់ឥណ្ឌូនេស៊ីក្នុងការជ្រើសរើស “ឧត្តមភាពឧស្សាហកម្មរបស់បារាំង” ដោយសរសេរនៅលើ Twitterថាកិច្ចព្រមព្រៀង Rafaleនឹង “ពង្រឹងភាពជាដៃគូរបស់យើង”។
កាលពីខែវិច្ឆិកា បារាំងនិងឥណ្ឌូនេស៊ីបានពង្រឹងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់(Jean-Yves Le Drian) ទៅកាន់ប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍ដ៏ធំល្វឹងល្វើយមួយនេះ៕
ឥណ្ឌូណេស៊ីបានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៤២ គ្រឿងពីប្រទេសបារាំង