ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញៈ ការធ្វើតេស្តតំណាក់កាលទី២ ដើម្បីរកកីឡាករដែលមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងត្រូវពន្យារពេលដល់ថ្ងៃទី១២ កុម្ភៈទើបបញ្ចប់ ។
ព្រឹត្តិការណ៍ AFF U23 Championship 2022 នេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៦កុម្ភៈ ។ ក្រុមមការងារគ្រូបង្វឹក U23កម្ពុជាបានបញ្ចាក់ថាការប្រកាសកីឡាករ២៨នាក់ចុងក្រោយត្រូវបានពន្យារពេលដល់ថ្ងៃទី១២ កុម្ភៈ ព្រោះក្រុមការងារគ្រូចង់ឲ្យពួកគេ
បង្ហាញនូវសក្ដានុពលដែលខ្លួនមាន ហើយមានឱកាសហ្វឹកហាត់ផ្ទាល់ជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ មុនឈានដល់ការសម្រេចបញ្ជីឈ្មោះចុងក្រោយសម្រាប់ត្រៀមការប្រកួត AFF U23 នាសប្ដាហ៍ក្រោយ។
ការធ្វើតេស្តតំណាក់កាលបឋមមានកីឡាករចំនួន៧៤រូប មកពី១៨សមាគមក្លិបចូលរួមដែលការធ្វើតេស្តដំណាក់កាលបឋមនេះរកសម្រាប់ព្រឹត្តិការណ៍បានកីឡាករចំនួន៣៦នាក់។ សម្រាប់ការធ្វើតេស្តដំណាក់កាលទី២ ដែលនឹងបញ្ចប់នៅថ្ងៃទី៨ កុម្ភៈនេះគឺដើម្បីជម្រុះយកកីឡាករតែ២៨នាក់ចុងក្រោយប៉ុណ្ណោះ ។
ការធ្វើតេស្តនៅតំណាក់កាលទី២នេះនៅសល់តែកីឡាករមកពីសមាគម ក្លិបចំនួន៨ប៉ុណ្ណោះ ដែលក្នុងនោះមានក្លិបភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ក្លិបបឹងកេត ក្លិបអង្គរថាយហ្គឺរ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ អគ្គីសនីកម្ពុជា ខេត្តព្រៃវែង និងមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី ។
សម្រាប់ព្រឹត្តិកាណ៍ AFF U23 Championship 2022 នេះចែកចេញជា៣ពូលដែលពូល A មានក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ទីម័រខាងកើត ហ្វីលីពីន និង ព្រុយណេ ។ សម្រាប់ពូល B វិញមានក្រុមឥណ្ឌូនេសី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ចំពោះពូល C មានក្រុមថៃ វៀតណាម និង ក្រុមសឹង្ហបូរី៕