ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈ រដ្ឋបាលបៃដិនបានអនុម័តការលក់សព្វាវុធជិត ១៤ ពាន់លានដុល្លារដល់ឥណ្ឌូនេស៊ីខណៈសហរដ្ឋអាម៉េរិកកំពុងជំរុញបន្តទៅមុខជាមួយនឹងជំហានដែលខ្លួនជឿថានឹងជួយទប់ទល់នឹងការកើនឡើងនៃអំណាចរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រសួងការបរទេសអាម៉េរិកបានប្រកាសពីការលក់យន្តហោះចម្បាំងទំនើបតម្លៃ ១៣,៩ ពាន់លានដុល្លារខណៈរដ្ឋមន្ត្រីការបរទេសលោកអ៊ែនថូនី ប្លីងកិនកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីក្នុងដំណើរទស្សនកិច្ចក្នុងបំណងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក គឺមិនអនុញ្ញាតឱ្យចិនកាន់កាប់ដោយសេរីនៅតំបន់ប៉ាស៊ីហ្វិកទោះបីការវិវត្តិរវាងរុស្ស៊ីនិងអ៊ុយក្រែនទាមទារការយកចិត្តទុកដាក់ក៏ដោយ។
ការលក់យន្តហោះចម្បាំង F-15 ដល់ឥណ្ឌូនេស៊ីរហូតដល់ ៣៦ គ្រឿង ម៉ាស៊ីននិងឧបករណ៍ពាក់ព័ន្ធ រួមទាំងគ្រាប់ និងប្រព័ន្ធទូរគមនាគមន៍គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីពាក់កណ្តាលខែធ្នូទៅកាន់ទីក្រុងហ្សាការតាដោយលោកប្លីងកិន ដែលនៅពេលនោះបានកោតសរសើរដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងឥណ្ឌូនេស៊ី ត្បិតការព្រួយបារម្ភអំពីសិទ្ធិមនុស្សបានពន្យារពេលការលក់សព្វាវុធពីមុនទៅប្រទេសនេះ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូក្នុងតំបន់ដ៏សំខាន់ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
ក្រសួងនិយាយថា “វាមានសារៈសំខាន់ណាស់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិកក្នុងការជួយឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍនិងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំនិងមានប្រសិទ្ធភាព”៕
លោកប្លីងកិនកំពុងស្ថិតនៅទីក្រុងមែនប៊នរបស់អូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍