ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ឧត្តមសេនីយ៍អាម៉េរិកម្នាក់ ដែលត្រួតពិនិត្យប្រតិបត្តិការមជ្ឈិមបូព៌ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាសហរដ្ឋអាម៉េរិកនឹងជួយអារ៉ាប់រួមអេមីរ៉ាត(សហភាពអារ៉ាប់)បំពេញស្តុកគ្រាប់ស្ទាក់ចាប់មីស៊ីលដែលខ្លួនប្រើដើម្បីបាញ់ទម្លាក់មីស៊ីលដែលហោះចូលមក បន្ទាប់ពីមានការវាយប្រហារមិនធ្លាប់មានពីមុនមកដោយក្រុមយុទ្ធជនហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ូធី ដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ បានធ្វើការវាយប្រហារមិនបានសំរេចភាគច្រើនទៅលើគោលដៅនៅប្រទេសអារ៉ាប់រួមអេមីរ៉ាតដែលបង្កឱ្យមានការបាញ់ស្កាត់ចេញពីខែលការពារដែនអាកាសរបស់អារ៉ាប់រួមនិងសហរដ្ឋអាម៉េរិក ហើយថែមទាំងបានឃើញទាហានអាម៉េរិកដែលមានមូលដ្ឋាននៅទីនោះរត់ជ្រកគ្រាប់មួយប្រាវផងដែរ។
ឧត្តមសេនីយ៍ ហ្វ្រែង ម៉ាកេនហ្ស៊ី (Frank McKenzie)ប្រមុខទីបញ្ជាការកណ្តាលអាម៉េរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីដំណើរទៅកាន់ទីក្រុងអាប៊ូដាប៊ី (Abu Dhabi)កាលពីដើមសប្តាហ៍នេះថា “យើងនឹងជួយបំពេញស្តុកគ្រាប់ស្ទាក់ចាប់។ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយអារ៉ាប់រួមការពារខ្លួន”។
លោកម៉ាកកេនហ្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថាអារ៉ាប់រួមអេមីរ៉ាតបានស្នើសុំជាលក្ខណៈឯកជនដល់សហរដ្ឋអាម៉េរិកក្នុងការបំពេញស្តុកគ្រាប់ស្ទាក់ចាប់មីស៊ីល រួមទាំងគ្រាប់សម្រាប់ប្រព័ន្ធធីអេចអេអេឌី( THAAD) និងផែតទ្រៀត( Patriot)របស់ខ្លួន៕
សហរដ្ឋអាម៉េរិកនឹងជួយអារ៉ាប់រួមអេមីរ៉ាតបំពេញស្តុកគ្រាប់ស្ទាក់ចាប់មីស៊ីល