ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ រដ្ឋាភិបាលថៃកំពុងពិចារណារឹតបន្តឹងវិធានការប្រឆាំងកូវីដ១៩នៅក្នុងអំឡុងទិវានៃក្តីស្រឡាញ់ទី១៤កុម្ភៈ និងក្នុងអំឡុងពេលចូលឆ្នាំសង្ក្រាន្តថ្មីនៅខែមេសាខាងមុខ ដើម្បីជាការឆ្លើយតបនឹងកំណើននៃការឆ្លងកូវីដ១៩យ៉ាងឆាប់រហ័ស។
ក្នុងជំនួបមួយរបស់ក្រុមការងារកូវីដ១៩របស់រដ្ឋាភិបាលនិងនាយកដ្ឋានគ្រប់គ្រងជំងឺ ពួកមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីកំណើននៃការឆ្លងកូវីដ១៩ប្រចាំថ្ងៃថេរចាប់តាំងពីដើមឆ្នាំ២០២២ ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៤.៨២២នាក់និង២០នាក់ទៀតបានស្លាប់ដោយជំងឺនេះតែថ្ងៃសុក្រទី១១កុម្ភៈក្រសួងសុខាភិបាលបានប្រកាសថាមនុស្សដល់ទៅ១៥.២៤២នាក់បានឆ្លងកូវីដ១៩ថែមនៅ២៤ម៉ោងកន្លងទៅ និងស្លាប់កើនដល់២៣នាក់។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងបើកកិច្ចប្រជុំក្រុមការងារកូវីដ១៩នៅថ្ងៃសុក្រ ដោយគេរំពឹងថានឹងពិចារណាដាក់ប្រើវិធានការរឹងរ៉ឹងឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសក្នុងអំឡុងទិវានៃក្តីស្រឡាញ់ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។
ក្នុងពេលជាមួយគ្នា រដ្ឋបាលក្រុងបាងកកកំពុងចែកស្រោមអនាម័យ២លាន ក្នុងយុទ្ធនាការរួមភេទដោយសុវត្ថិភាពនៅមុនទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដោយសារជំងឺកាមរោគក៏កំពុងកើនក្នុងចំណោមយុវជនថៃ។
ក្រសួងសុខាភិបាលថៃក៏បានស្នើអោយអ្នកប្រុងរួមភេទក្នុងអំឡុងទិវានៃក្តីស្រឡាញ់នេះគួរធ្វើតេស្តិ៍រកកូវីដ១៩ដោយប្រើឧបករណ៍តេស្តិ៍រហ័ស មុនពេលរួមភេទ តែលោករដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា«ខ្ញុំអត់ខ្វល់អំពីសំណើនេះទេ ដោយសារពួកគេ(គូស្នេហ៍)បានមានទំនាក់ទំនងជិតស្និទ្ធរវាងគ្នារួចទៅហើយ»។
សូមបញ្ជាក់ថា ចាប់តាំងពីលេចមានកូវីដ១៩នៅក្នុងប្រទេសនេះកាលពីដើមឆ្នាំ២០២០ អាជ្ញាធរថៃបានរកឃើញអ្នកឆ្លងសរុប ២.៥៦១.១១៥នាក់ តែជាង២,៤២លាននាក់បានជាពីជំងឺឆ្លងរាតត្បាតនេះនិង២២.៣៨៧នាក់បានស្លាប់។
ទោះជាការឆ្លងពេលនេះកើនឡើងដល់កំរិតខ្ពស់ជាថ្មី តែវានៅទាបជាងចំនួនឆ្លងខ្ពស់បំផុតពីមុនចំនួន២៣.៤១៨នាក់ ដែលត្រូវបានកត់ត្រាឃើញកាលពីថ្ងៃ១៨សីហា ឆ្នាំ២០២១៕
ក្មេងសិស្សសាលាថៃក្នុងខេត្តណាខន រ៉ាតចាសីម៉ា រង់ចាំពិនិត្យរកកូវីដ១៩កាលពីថ្ងៃ១០កុម្ភៈ