ដោយៈស៊ា ថាំង/ភ្នំពេញៈនៅឆ្នាំ២០២១ គយកម្ពុជាប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាម៉េរិក) មានការថយចុះប្រមាណ ៥,១ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះគឺសម្រេចបាន៩៧,១ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលាជាតិគយមានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារអគ្គនាយក-ដ្ឋានសវនកម្ម ផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានថវិកាព្រមទាំងមានការចូលរួម ពីចម្ងាយតាមប្រព័ន្ធវីដេអូ (Zoom) របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជាបានថ្លែងប្រាប់កិច្ចប្រជុំថា នៅឆ្នាំ២០២១ ដែលក្នុងនោះ គយប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាម៉េរិក) ថយចុះប្រមាណ ៥.១ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។
លោកបញ្ជាក់ថាលទ្ធផលនេះ គឺសម្រេចបាន ៩៧,១ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា ៣៧.៩ភាគរយនៃចំណូលសរុប), អាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល (ត្រូវជា ៣៨.៨ភាគរយនៃចំណូលសរុប), ពន្ធគយមានចំនួន ១,៦៧១.៦ ប៊ីលានរៀល (ត្រូវជា ១៨ភាគរយ នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣ភាគរយ នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល (ត្រូវជា ២.០ភាគរយ នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល (ត្រូវជា ៤៣ភាគរយនៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល (ត្រូវជា ២៧.៨ភាគរយ នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល (ត្រួវជា ២៣.២ភាគរយ នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល (ត្រូវជា ៦.០ភាគរយ នៃចំណូលសរុប)។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងដែរថាដោយឡែកទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ មានដូចខាងក្រោម៖
ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារកើនឡើងប្រមាណ ១,៥០៥ លានដុល្លារស្មើនឹង ១៥.២ភាគរយ។
•ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៤,៥៤២.១ លានដុល្លារកើនឡើងប្រមាណ ១,៣៩២.៥ លានដុល្លារ ស្មើនឹង ៤៤.២ភាគរយ,
•ការនាំចេញកសិផលមានចំនួន ២,៨១៧.៨ លានដុល្លារ កើនឡើងប្រមាណ ៣,៩១០.៩ លានដុល្លារស្មើនឹង ៣៩.៥ភាគរយ ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារ កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារ (៧៧.៣ភាគរយ), ការនាំចេញអង្ករសម្រេច ៤២៤.៩ លានដុល្លារ ថយចុះប្រមាណ ៨១.១ លានដុល្លារ (១៦.០ភាគរយ), កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារ កើនឡើងប្រមាណ ១២៥.៧ លានដុល្លារ (៤៥.៩ភាគរយ), និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារ កើនឡើង ២៦៥.៣ លានដុល្លារ (៦៨.៣ភាគរយ)។
លោកបានបន្ថែមថាទន្ទឹមនឹងការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១)ការងារគោលនយោបាយនិងបច្ចេកទេសគយ, (២)ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, (៣)ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, និង (៤)ការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
ឆ្លើយតបនឹងលទ្ធផលខាងលើ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ-១៩ និងបានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឭកនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥ ចំណុច ដែលបានថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖
១-បន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន។
២-បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសតាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព៌ត័មាន និងគមនាគមន៍។
៣-បន្តពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ និងប្រព័ន្ធបញ្ជរតែមួយជាតិជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
៤-ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបណ្តាវិធានការនានា ដែលរាជ-រដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺនេះ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបណ្តាវិធានការ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមទាំងវិធានការជាក់ស្តែងទាំងឡាយ ដែលមានចែងនៅក្នុងឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។
៥-ពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ សំដៅបង្កើនចំណូលជូនរដ្ឋ, ធានានូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ធុរកិច្ច, និងលើកស្ទួយអនុលោមភាពនិងវប្បធម៌សារពើពន្ធនៅកម្ពុជា។
ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២២ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំបន្ថែមចំនួន ៨ ចំណុច រួមមាន៖ ទី១-បន្តធ្វើសាមញ្ញកម្មនីតិវិធី ទី២-លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការបង្ក្រាបទំនិញក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម, ទី៣-ត្រូវពន្លឿនការពិនិត្យលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងគយ ទី៤-ត្រូវពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ, ទី៥-បន្តជំរុញអនុវត្តឱ្យម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក, ទី៦-បន្ត សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជនពិសេសក្រោមយន្តការក្រុម “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន,ទី៧-យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ អគរ ពិសេសការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាព, និង ទី៨-ត្រូវបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី។
ក្នុងកិច្ចប្រជុំនេះលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន ដើម្បីជាការលើកទឹកចិត្ត៕សរន