ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បិន វ៉ាល់ឡេស (Ben Wallace) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈថារុស្ស៊ីគ្រោងនឹងធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ត្បិតមានភាពតានតឹងខ្លាំងជុំវិញអ៊ុយក្រែន។
លោកវ៉ាល់ឡេសបានព្រមានថា សកម្មភាពរបស់វិមានក្រឹមឡាំងកំពុងឆ្ពោះទៅរកទិសដៅខុស បើទោះបីជាមានការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតក៏ដោយ។លោកថាចារកម្មបានអោយតម្រុយថា រុស្ស៊ីកំពុងចូលរួមក្នុងផែនការសម្រាប់អ្វីដែលគេហៅថា ប្រតិបត្តិការទង់ក្លែងក្លាយ ដើម្បីជាលេសសម្រាប់ការឈ្លានពានអ៊ុយក្រែនក៏ដូចជាការអនុវត្តការវាយប្រហារតាមអ៊ីនធឺណេតនិងសកម្មភាពអស្ថិរភាពផ្សេងទៀត។
លោកវ៉ាល់ឡេសបានប្រាប់វិទ្យុ BBC ថា “ទោះបីជាមានការចរចាក៏ដោយក៏ប៉ុន្តែទិសដៅនៃការធ្វើដំណើរគឺខុស។រុស្ស៊ីនៅតែបង្កើនក្រុមយុទ្ធវិធីកងវរសេនាតូចរបស់ពួកគេ…ពួកគេគ្រោងនឹងចាប់ផ្តើមសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ហើយជាការពិតណាស់ យើងឃើញសកម្មភាពកាន់តែច្រើននៅកន្លែងផ្សេង”។
ប្រភពការពារជាតិរុស្ស៊ីមួយក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅដើមឆ្នាំនេះដែរថា សមយុទ្ធនុយក្លេអ៊ែរ ដែលគេស្គាល់ថា “Thunder”នឹងមានការចូលរួមពីកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រទាំងបីរបស់រុស្ស៊ី ដោយសាកល្បងនីតិវិធីបាញ់នុយក្លេអ៊ែរចេញពីដីគោក សមុទ្រ និងអាកាស។
សមយុទ្ធនុយក្លេអ៊ែរត្រូវបានធ្វើឡើងជាញឹកញាប់ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការសម្រេចចិត្តបន្តធ្វើលំហាត់សមយុទ្ធបែបនេះនៅចំពោះមុខភាពតានតឹងជុំវិញអ៊ុយក្រែននឹងបង្កការព្រួយបារម្ភបន្ថែមដល់មហាអំណាចពិភពលោក។
ដំណឹងនេះកើតឡើងខណៈកងកម្លាំងមកពីប្រទេសរុស្ស៊ីនិងបេឡារូសធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងទាហានរុស្ស៊ីប្រមាណ ៣០.០០០ នាក់ចូលរួមក្នុងសមយុទ្ធរយៈពេល ១០ ថ្ងៃនៅជិតព្រំដែនអ៊ុយក្រែន នៅក្នុងអ្វីដែលអគ្គលេខាធិការអង្គការណាតូលោក ជែន ស្តូលធិនបឺក (Jens Stoltenberg) ពណ៌នាថាជា “ពេលវេលាដ៏គ្រោះថ្នាក់” សម្រាប់ទ្វីបអឺរ៉ុប។
លោកស្តូលធិនបឺកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ថា”យើងកំពុងតាមដានយ៉ាងដិតដល់នូវការដាក់ពង្រាយទាហានរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារូស ដែលជាការដាក់ពង្រាយធំបំផុតចាប់តាំងពីទីបញ្ចប់នៃសង្គ្រាមត្រជាក់”។
“នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់មួយសម្រាប់សន្តិសុខអឺរ៉ុប។ ចំនួនកងកម្លាំងរុស្ស៊ីបន្តកើនឡើង។ ពេលវេលាព្រមានសម្រាប់លទ្ធភាពវាយប្រហារកាន់តែជិតអស់”៕
រុស្ស៊ីនិងបេឡារូសកំពុងធ្វើសមយុទ្ធយោធារួមគ្នាក្បែរព្រំដែនអ៊ុយក្រែន