ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំង ស្ថិតក្នុង ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានប្រារព្ធពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញស៊ើបការណ៍ថ្មើរជើង និងបំប៉នអាវុធគាំទ្រ ។
នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ គឹម សេងហន មេបញ្ជាការ កងពលតូច អន្តរា គមន៍លេខ១៤ បានថ្លែងថាៈ វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ ២០២១ ដែលបានធ្វើ ពិធីបិទ នាពេលនេះ គឺអនុវត្តទៅ តាមសច្ចាប័ន លេខ០១៨ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ របស់មេបញ្ជាការកងទ័ពជើង គោក មានចំនួន ៥ វគ្គ ក្នុងនោះ ហ្វឹកហ្វឺនម្ចាស់ការ ហ្វឹកហ្វឺនពាក់កណ្តាលរៀបរយ ជំនាញស៊ើបការណ៍ថ្មើរជើង និងបំប៉នអាវុធគាំទ្រ ព្រមទាំងលំហាត់បង្ហាញបាញ់គ្រាប់ពិត កាំភ្លើងត្បាល់ ៨២មីលីម៉ែត្រ ជាក់ស្តែង នៅទីលានទីបញ្ជាការ ។
លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរង កងទ័ពជើងគោក តំណាងលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោ ធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក បានចាត់ទុកថា ការហ្វឹកហ្វឺនជំនាញ យុទ្ធវិធីថ្មើរជើង អាវុធគាំទ្រ ស៊ើបការណ៍ ជូនដល់កម្មសិក្សា ការី នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍ លេខ១៤ នាពេលនេះ ពិតជាមាន សារៈសំខាន់ ណាស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ចាំបាច់ ក្នុងការពង្រឹង សមត្ថភាពគ្រប់គ្រង ដឹកនាំបញ្ជាប្រយុទ្ធ នៅលើសមរភូមិ។ ការសិក្សា ក្នុងរយៈពេលដ៏ខ្លីនេះ ពិនិត្យឃើញថា កងពលបានបំពេញភារកិច្ច យ៉ាងមមាញឹក ទាំងការកសាងអង្គភាព ការហ្វឹកហ្វឺន និងរក្សាការពារទឹកដី។
ដើម្បីសម្រេចបានគោលដៅនោះ លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានសូមឱ្យ យោធាចារ្យ និងកម្មសិក្សាការី ទាំងអស់ ត្រូវមានមនសិការ ឆន្ទៈមោះមុត មានប្រតិកម្ម រហ័ស ក្នុងការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ក្នុងការបំពេញបេសកកម្ម អន្តរាគមន៍ ចល័តប្រយុទ្ធ យកចិត្តទុកដាក់ ដោះស្រាយនូវរាល់បញ្ហាប្រឈម ខិតខំកសាងអង្គភាព លើគ្រប់វិស័យ គោរពអនុវត្តច្បាប់ បទបញ្ជា វិន័យ មានការសាមគ្គី ឯកភាព និងត្រូវចូលរួមសហការ ជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ច ពាក់ព័ន្ធ ពិសេសបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចេញថា អង្គភាពឈរជើងនៅកន្លែងណា ត្រូវចូលរួមស្តារ និងអភិវឌ្ឍន៍នៅទីនោះ សក្តិសមជា កូនចៅរបស់ប្រជាជន ធ្វើអ្វីៗក៏ដើម្បី ប្រយោជន៍ របស់ប្រជាជន ៕/V-PC