ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកសម្រាប់ស្រោចស្រពដំណាំ និងទឹកសម្រាប់ ប្រើប្រាស់ ប្រចាំថ្ងៃរបស់មនុស្ស សត្វ នៅក្នុងខេត្តឧត្តរមានជ័យ នៅពេលនេះ មិនមានបញ្ហាខ្វះ ដូចនៅអំឡុងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ ដែលត្រូវដឹកទឹក ចែកតាមផ្ទះនោះទៀតហើយ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំធ្វើការស្តារ និងកសាងហេដ្ឋារចនា សម្ព័ន្ធ ធារាសាស្ត្រតូចធំ សរុបបាន ចំនួន ៩៣ កន្លែង អាចតម្កល់ទឹក ទុកប្រើប្រាស់ ក្នុងរដូវប្រាំង បានដល់ចំនួន ៧០០ លានម៉ែត្រគូប ដែលក្នុងនេះ តម្រូវការប្រើប្រាស់ ក្នុងទូទាំងខេត្ត ឧត្តរមានជ័យ តែ ២០០ លានម៉ែត្រគូបទេ ៥០០ លានម៉ែត្រគូបទៀត បញ្ជូនទៅស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានលើកឡើង នៅក្នុងសន្និសីទ សារព័ត៍មាន ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថាៈ ដើម្បីទប់ស្កាត់ នូវបញ្ហាខ្វះទឹកប្រើប្រាស់ ដែលតែងតែ ជួបប្រទះ ស្ទើរជារៀងរាល់ឆ្នាំ ពីមុនមកនោះ ក្រសួងធនធានទឹក និងឧតុនិយម បានខិតខំ ធ្វើការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ បានជាច្រើន ជាបន្តបន្ទាប់ ជាពិសេស នៅក្នុងខេត្តឧត្តរមានជ័យ ដែលកាលពីប៉ុន្មានឆ្នាំមុន សូម្បីតែ ទឹកប្រើប្រាស់ ប្រចាំថ្ងៃ ក៏ខ្វះខាតដែរ កន្លែងខ្លះ ត្រូវដឹកទឹកតាមឡាន យកទៅផ្គត់ផ្គង់ (ឆ្នាំ២០១៦ ដល់ ២០១៨) តែឥឡូវ លែងមានករណីបែបនេះ កើតឡើងទៀតហើយ ដោយសារនៅតាម តំបន់ ដែលធ្លាប់ប្រឈម ការខ្វះទឹកប្រើប្រាស់ ដោយសារការរាំងស្ងួត ត្រូវបានជីកអាងទឹក ស្រះទឹក និងអណ្តូងទឹក ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីយកទឹកស្រោចស្រព និងប្រើ ប្រាស់ប្រចាំថ្ងៃ។
ប្រធានមន្ទីរ ខាងលើ បានបញ្ជាក់ថាៈ លោកលឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម តែងតែលើកឡើងថា អាងទឹក ជាពាងទឹក ក្រសួងបានយក ចិត្តទុកដាក់ស្តារ និងកសាង ដែលរហូតមកដល់ពេលនេះ អាងទាំងតូចនិងធំ បានចំនួន ៩៣ កន្លែង ត្រូវបានធ្វើរួច និងរក្សាទឹកទុក សម្រាប់ស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃ នៅរដូវប្រាំង សរុបបានដល់ចំនួនប្រមាណជា ៧០០ លានម៉ែត្រគូប។ ក្រសួងមិនមែនគិតតែទឹកសម្រាប់ ស្រោចស្រពដំណាំទេ គឺបានគិតដល់ទឹកសម្រាប់មនុស្ស សត្វនិងរុក្ខជាតិ ទៀតផង។ ទីប្រជុំជនស្រុក ក្រុងទាំង៥ នៅក្នុងខេត្តឧត្តរមានជ័យពេលនេះ មានទឹកប្រើប្រាស់ គ្រប់គ្រាន់ ដោយយកទឹកឆៅ ពីអាងទឹកទៅផលិតទឹកស្អាត និងមានទឹកស្អាត សម្រាប់ ប្រើប្រាស់ នៅតាមសហគមន៍ នៅតាមមូលដ្ឋាន សព្វថ្ងៃ ប្រជាពលរដ្ឋ មិនបានទៅរែកពន់ទឹក មកប្រើដូចមុនទៀតឡើយ គឺមានបណ្តាញហូរចូល ដល់ពាង អាងរបស់គាត់។
លោក ញឺន កួន បាននិយាយឱ្យដឹងទៀតថាៈ តម្រូវការទឹកស្រោចស្រពនិងប្រើប្រាស់ប្រចាំថ្ងៃ ក្នុងរដូវប្រាំង នៅទូទាំងខេត្តឧត្តរមានជ័យ ពេលនេះ តែប្រមាណជា ២០០ លាន ម៉ែត្រគូបទេ ទឹកនៅសល់ប្រមាណជា៥០០ លានម៉ែត្រគូបក្នុងអាងធំៗទាំងបី គឺសម្រាប់ បញ្ជូនទៅប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពស្រូវប្រាំងក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដែលក្នុងមួយឆ្នាំៗ ធ្វើស្រូវបានពី ពីរទៅបីដង ក្នុងមួយឆ្នាំ មានចំនួនជាច្រើន ម៉ឺនហិកតា។ ពេលនេះ អាងទឹកទាំងតូចនិងធំ នៅមានទឹកជាអតិបរមា ទាំងអស់៕/V-PC