ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ករណី​ភ្លើង​ឆេះ​ព្រៃ នៅ​ភ្នំ​ដងរែក ម្តុំ​វត្ត​គី​រី សុ​ក្ខា​រាម ថ្ម​រមៀល ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ មានជ័យ កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ មកទល់​ថ្ងៃទី​១១ ខែកុម្ភៈ សមត្ថកិច្ច បានលើកឡើង ថាៈ សមត្ថកិច្ច​ជំនាញ បាន​កំពុង​បន្ត​ស្រាវជ្រាវ រក​ជនសង្ស័យ​បង្ក​អគ្គិភ័យ ព្រោះ​ក្រោយ ការស៊ើបអង្កេត បង្ហាញថា វា​មិនមែន ជា​ភ្លើង​ឆេះ​ព្រៃ ដោយ​ចៃដន្យ ឬ​ការធ្វេសប្រហែស របស់​អ្នក​ដើររក​អនុផល ព្រៃឈើ ឬ​រក​ឃ្មុំ ឬ​កណ្តុរ​ឡើយ ។​

​ការអះអាង​នេះ នៅពេល​វត្ត បាន​ខឹងសម្បារ​នឹង​ការដែល​ភ្លើង បាន​ឆេះ​បំផ្លាញ កូនឈើ ប្រណិត​ដាំ​ថ្មី ចំនួន ២.០០០​ដើម ។ ឯ​ជំនាញ​បរិស្ថាន ក៏​ប្រតិកម្ម​នឹង ភ្លើង​ឆេះ​អន្តរ​រាយ ក្នុងព្រៃ​តំបន់ការពារធម្មជាតិ បន្ទាយឆ្មារ ។​

​សូម​រំលឹកថា បន្ទាប់ពី​មាន​គ្រោះ​អគ្គិភ័យ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរៈ ស្នងការរង ទទួល​ផែន​ការងារ​សេនាធិការ និង​លោក​វរសេនីយ៍ឯក សម្បត្តិ កុសល ស្នងការរង ទទួល​ការងារ​នគរបាល​ការពារ និង​អន្តរាគមន៍ ដឹកនាំ​កម្លាំង អធិការដ្ឋាន នគរបាល ស្រុក​ស្វាយចេក , នគរបាល​ស្រុក​ថ្មពួក​, នគរបាល ស្រុក អូរជ្រៅ និង​កម្លាំង​នគរបាល វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៨០៧ ប្រជាពលរដ្ឋ ព្រះសង្ឃ សរុប​កម្លាំង​ចំនួន ៧២ អង្គ​/​នាក់ រួមទាំង​រថយន្ត​ពន្លត់ អគ្គិភ័យ ចំនួន ៣ គ្រឿង របស់ នគរបាល​ស្រុក​ស្វាយចេក ថ្មពួក និង​ស្រុក​អូរជ្រៅ ដើម្បី​ត្រៀម​អន្តរាគមន៍​ពន្លត់ ។​

​ព្រះចៅអធិការ​វត្ត​គី​រី​សុ​ក្ខា​រាម ថ្ម​រមៀល បាន​ឲ្យ​ដឹងថាៈ នៅវេលា​ម៉ោង​ប្រហែល ជា ៧ យប់ ថ្ងៃទី​៩ កុម្ភៈ ភ្លើង​បានចាប់ផ្តើម​ឆេះ នៅ​ជម្រាល​ខ្នងភ្នំ​ដងរែក នៅ​ចំណុច​ជិត​បង្គោល​ព្រំដែន លេខ​២៧ មកពី​ទិស​ខាងលិច ហើយ​រាលដាល ចុះមក​ក្រោម មក​ទិសខាងកើត​ប្រវែង​ជាង ១.០០០ ម៉ែត្រ ជិត​វត្ត​គី​រី​សុ​ក្ខា​រាម ថ្ម​រមៀល ។​

​ចៅអធិការ​វត្ត បាន​មាន​សង្ឃដីកា​ថាៈ ចំពោះ​ការខូចខាត គឺ​កូនឈើ​ដែល​ទើប ដាំ​ថ្មី មានកូន​គ្រញូង ផ្ចឹក នាងនួន ប្រហែលជា ២.០០០ ដើម ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរៈ បាន​និយាយថាៈ ក្នុង​ប្រតិបត្តិ​ក្នុង​ពន្លត់​នេះ មាន​ដំណាក់ កាល​ទី​១ គឺ រថយន្ត​ពន្លត់​អគ្គិភ័យ មិនអាច​បាញ់​ទឹក​ដល់ តែ​បាន ប្រើ​កម្លាំង និង​ឫស្សី ឈើ​បាន​ឡើងទៅ​វាយ​ពន្លត់ភ្លើង ដែល​ឆេះ​រាល​ចុះមក​ក្រោម តាម​ទីតាំង​ដែល​អាច​ចូល ទៅ​វាយ​ពន្លត់ បាន​រហូតដល់ វេលា​ម៉ោង ៥ ភ្លឺ​ឈាន ចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ។ ភ្លើង​បាន​រាល​ឆេះ​ចុះមក​ក្រោម ពី​ទិសខាងកើត ត្រឡប់​ខាងលិច​វិញ ក្បែរ​វត្ត​នោះ​។​

​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ បាញ់​ទឹក​ពន្លត់ និង​គ្រប់គ្រង ស្ថានការណ៍ បាន​ទាំងស្រុង ដោយ​មិន​បង្ក​ឲ្យ​ភ្លើង​រាល​ឆាបឆេះ ដល់​វត្ត​គី​រី សុ​ក្ខា​រាម ថ្ម​រមៀល កុដិ និង​លំនៅឋាន របស់​អ្នកស្រុក​នោះឡើយ​។​

​សមត្ថកិច្ច បានដាក់​ការសង្ស័យថាៈ អគ្គិភ័យ​នេះ មាន​អ្នក​លួច​ដុត ដោយ​ចេតនា មិនមែន​អ​ចេតនា​ឡើយ ។ វា​បង្ក​ឲ្យ​មានការ​ខូចខាត​បរិស្ថាន និង​កូនឈើ​នៅលើ​ភ្នំ ។​

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ក៏បាន​ដាក់បទបញ្ជា​ឲ្យ​កម្លាំង នគរបាល ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​នគរ បាល​ជំនាញ ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក ចុះ​ធ្វើការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ជនបង្ក​ល្មើស “​បង្ក​អគ្គិភ័យ​នេះ ដើម្បី​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស តាម​នីតិវិធី​។​

​ចំណែក​លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ បាន​ប្រតិកម្ម នឹង​ការ ឆេះ​ព្រៃភ្នំ​ដងរែក នៅក្នុង​តំបន់​កា​ពារ​ធម្មជាតិ បន្ទាយឆ្មារ​នេះ ហើយ​បាន គាំទ្រ​និង សហការ​នឹង​សមត្ថកិច្ច​នគរបាល អាជ្ញាធរ​ដែនដី តុលាការ និង​អ្នក ពាក់ព័ន្ធ ដើម្បី​ឈានទៅ វែកមុខ និង​នាំខ្លួន​ជនបង្ក​អគ្គិភ័យ មក​ផ្តន្ទាទោស ដើម្បីអោយ​រាងចាល និង​ដើម្បី​កុំអោយ ការប្រព្រឹត្ត​បែបនេះ ដែល​ធ្លាប់​កើត ហើយ​នៅតែ​បន្ត​កើតមាន​ទៀត ។​

​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ក៏បាន​លើកយក​សេចក្តីជូនដំណឹង ស្តីពី​វិធាន ការការពារ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ ការពារ​ធម្មជាតិ លេខ​០៦១ សជណ​.​ប​ស្ថ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ មក​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ពលរដ្ឋ អ្នកពាក់ព័ន្ធ​ផងដែរ​៕/V​-PC