ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកកាសែតម៉ិកស៊ិចម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងរដ្ឋវ៉ូរ៉ាចា(Oaxaca)កាលពីថ្ងៃព្រហស្បតិ៍ទី១០មករា ។វាជាការសម្លាប់អ្នកកាសែតចុងក្រោយក្នុងចំណោមការសម្លាប់អ្នកសារព័ត៌មានជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ ដែលបាននាំអោយពួកសមាជិកសភាអាម៉េរិកដាក់សម្ពាធអោយម៉ិកស៊ិចបង្កើនការការពារអ្នកសារព័ត៌មាន។
ប៉ូលិសបាននិយាយថា លោកហេប៊ឺ ឡូប៉េស(Heber Lopez)អ្នកកាសែតឯករាជ្យម្នាក់ដែលបើកកាសែតណូទីស្យាស្វេប(NoticiasWeb)ត្រូវបានបាញ់សម្លាប់នៅក្នុងបន្ទប់ថតផ្សាយរបស់លោក។
រដ្ឋអាជ្ញារដ្ឋវ៉ូរ៉ាចាបានអោយដឹងថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មនេះ តែការស៊ើបអង្កេតនៅកំពុងបន្តធ្វើ។
លោក ឡូប៉េស ធ្លាប់បានទទួលការគំរាមសម្លាប់នៅឆ្នាំ២០១៩ ។លោកតែងសរសេរអំពីរឿងនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាល។
វាជាការវាយប្រហារចុងក្រោយមួយក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់លើអ្នកកាសែតនៅម៉ិកស៊ិចនៅប៉ុន្មានសប្តាហ៍មកនេះ។អ្នកកាសែតបីនាក់និងបុគ្គលិកសារព័ត៌មានម្នាក់ត្រូវបានសម្លាប់នៅក្នុងខែមករាឆ្នាំ២០២២តែមួយ និងអតីតអ្នកកាសែតម្នាក់ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន។
សមាជិកព្រឹទ្ធសភាអាម៉េរិកពីររូបកាលពីថ្ងៃអង្គារ បានទទូចអោយអាជ្ញាធរម៉ិកស៊ិចបង្កើនការការពារអ្នកកាសែត និងបានរិះគន់ប្រធានាធិបតី អង់ដ្រេស ម៉ាញូអែល ឡូប៉េស ហ្សូប្រាឌ័រ (Andres Manuel Lopez Obrador)ថាបន្តវាយប្រហារអ្នកសារព័ត៌មានដែលរិះគន់លោក។
យោងតាមអង្គការសិទ្ធិមនុស្សមួយ អ្នកកាសែតប្រមាណ១៤៥នាក់ត្រូវបានសម្លាប់នៅម៉ិកស៊ិចចាប់ពីឆ្នាំ២០០០ដល់២០២១ ដោយធ្វើអោយម៉ិកស៊ិចក្លាយជាប្រទេសគ្រោះថ្នាក់បំផុតសំរាប់អ្នកសារព័ត៌មាន៕
មិត្តភ័ក្តិចូលរួមក្នុងការតវ៉ាទាមទាររកយុត្តិធម៌អោយអ្នកកាសែតម៉ិកស៊ិចម្នាក់ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០២១នៅទីក្រុងវែរ៉ាគ្រូស