ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានរំលឹកដាស់តឿនជាថ្មីថាៈ ពលរដ្ឋ និងអ្នក ពាក់ព័ន្ធ ទាំងឡាយ កុំអោយខកខាន ឬអវត្តមាន អោយសោះ ពេលចាប់ឆ្នោត ក្បាលដី ចែកជូន ប្រជាពលរដ្ឋ នៅភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ។ រដ្ឋបាលខេត្ត ព្រមានថា បើបងប្អូន មិនបានចូលរួមទេ ឱកាសមាសរបស់បងប្អូន ក៏ពិបាករក្សាបានដែរ ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ០៦៩/២២ សជណ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ ចាប់ឆ្នោត ក្បាលដី ចែកជូនប្រជាពលរដ្ឋ នៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹក នៅចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយសាម៉ីខ្លួន ត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន សៀវភៅគ្រួសារ ឬសំបុត្រកំណើត ។
ការឈានដល់ដំណាក់កាល ចាប់ឆ្នោតយកក្បាលដីបែងចែកនេះ គឺបន្ទាប់ពី ក្រុមការងារ ដោះស្រាយវិវាទដីធ្លី ពីខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ និងជាប្រធានក្រុមការងារ លោក លី សារី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយវិវាទ តាមគោលការណ៍ឈ្នះ ឈ្នះ បានបញ្ចប់ វិវាទរ៉ាំរៃ។
តមក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញកាលបរិច្ឆេទ កំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោត ចែកក្បាលដី ជូនប្រជាពលរដ្ឋ ជាង ១.២០០ គ្រួសារ ដែលមានវិវាទ កន្លងមក ក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន លោក អ៊ុំ រាត្រី និងចូលរួមដោយក្រុមការងារ។
សូមរំលឹកថា គូទំនាស់គ្រប់ភាគី បានព្រមទទួលយកយន្តការ ៣ ចំណុច ក្នុងដំណោះ ស្រាយ ករណីទំនាស់ដីធ្លីរ៉ាំរៃជិត ២០ ឆ្នាំ នៅអតីតតំបន់ខ្មែរក្រហម ម៉ាឡៃ នាចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕/V-PC