ដោយៈ គង់ហេង/ កំពង់ចាមៈ ផ្លូវបេតុង និងលូ ដែលជាគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រសង្កាត់បឹងកុក ក្រុងកំពង់ចាម បានស្ថាបនារួចរាល់ ១០០ភាគរយហើយ។ នេះតាមបើការឱ្យដឹងរបស់រដ្ឋបាលខេត្ត ដែលដឹកនាំ ការត្រួតពិនិត្យ ដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី១០ កុម្ភៈ ម្សិលមិញ។
លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាមដែលបានអមដំណើតលោកអភិបាលខេត្តបានឱ្យដឹងថាៈ ផ្លូវបេតុងដែលបានសាងសង់រួចខាងលើមានចំនួន ប្រាំបី ខ្សែ មានប្រវែងសរុបចំនួន ១.៤០០ ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹក ដែលមានមុខកាត់ ០,៨០ ម៉ែត្រ ប្រវែង ១.៥២៩ ម៉ែត្រ។
លោកនាយកទីចាត់ការផែនការ និងវិនិយោគបានឱ្យដឹងទៀតថាៈ ដោយឡែកផ្លូវដែលនៅសេសសល់ រដ្ឋបាលខេត្តនឹងធ្វើការស្ថាបនាជាបន្ត ដោយប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២។ ជាពិសេសផ្លូវបេតុងចម្ងាយ ៦.៤០០ ម៉ែត្រឆ្លងកាត់ភូមិឡឥដ្ឋ និងភូមិថ្មគោល សង្កាត់បឹងកុកដដែល នឹងបើកការដ្ឋានសាងសង់នាចុងខែកុម្ភៈ ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ៕