ប្រែសម្រួលៈបំណង(ST)៖ អាម៉េរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌាកាលពីថ្ងៃសុក្រទី១១កុម្ភៈបានសន្យាធ្វើកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជំរៅឡើងដើម្បីធានាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីចេញពីការសម្លុតគំរាមបង្ខិតបង្ខំ ដោយចង់សំដៅការពង្រីកសេដ្ឋកិច្ចនិងយោធាចិន ដោះស្រាយការប្រែប្រួលអាកាសធាតុ កូវីដ១៩ និងបញ្ហាប្រឈមផ្សេងៗ។
ពួករដ្ឋមន្ត្រីក្នុងក្រុមដែលហៅថា ក្វាដ(Quad)បានប្តេជ្ញាធ្វើការលើបញ្ហាជំនួយមនុស្សធម៌ ភេរវកម្ម ចោរកម្មតាមអ៊ិនធឺណិត សន្តិសុខសមុទ្រនិងការប្រឈមអំពីខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ទោះជានៅក្រៅព្រំដែនរបស់ក្រុមបួនប្រទេសនេះ វិបត្តិកាន់តែកើនឡើងរវាងលោកខាងលិចនិងរុស្ស៊ីស្តីពីអ៊ុយក្រែន ក៏ជារបៀបវារៈមួយ ដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បាននិយាយថាការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ីជាការប្រឈមមួយចំពោះសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ដែលក្រុមក្វាដត្រូវតែរួមគ្នាថែរក្សា។
ពេលបើកកិច្ចប្រជុំ លោកបាននិយាយថា« នោះរួមមានសិទ្ធិរបស់ប្រទេសទាំងអស់ក្នុងការជ្រើសរើសផ្លូវដើរផ្ទាល់របស់គេ សេរីភាពចេញពីការបង្ខិតបង្ខំ និងសិទ្ធិមានអធិបតេយ្យភាពព្រមទាំងបូរណភាពទឹកដីត្រូវតែបានការគោរព។មិនថានៅទីនេះ ឥណ្ឌូប៉ាស៊ីហ្វិក នៅអឺរ៉ុប ឬនៅកន្លែងណាមួយផ្សេងក្នុងលោកឡើយ»។
លោកប្លីងកិនបានទៅដល់អូស្ត្រាលីនៅសប្តាហ៍នេះចំពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងប្រទាញប្រទង់ជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលកំពុងផ្តុំកម្លាំងទ័ពជាង១០០.០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែនដែលនាំអោយមានការព្រួយបារម្ភថា រុស្ស៊ីនឹងចូលឈ្លានពានអ៊ុយក្រែន។
ទោះជាយ៉ាងណា រុស្ស៊ីបានអះអាងថាខ្លួនមិនមានផែនការធ្វើដូច្នេះទេ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន (Marise Payne)បាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ក្វាដអំពីការឆ្លើយតបប្រឆាំងកូវីដ១៩របស់តំបន់«មានសារសំខាន់ណាស់» ហើយបញ្ហាសង្គ្រាមប្រឆាំងចោរកម្មតាមអ៊ិនធឺណិត សន្តសិសុខសមុទ្រ ហេដ្ឋារចនាសម្ពន្ធ ចំណាត់ការអំពីអាកាសធាតុនិងជំនួយគ្រោះមហន្តរាយ ជាពិសេសក្រោយការផ្ទុះភ្នំភ្លើងនៅតុងហ្កាកាលពីពេលថ្មីៗ ក៏ជាការយកចិត្តទុកដាក់។
លោកស្រី ផេន ក៏បាននិយាយថា បញ្ហាអ៊ុយក្រែន ចិននិងកូរ៉េខាងជើងក៏នឹងត្រូវលើកមកពិភាក្សាផងដែរ។
សូមបញ្ជាក់ថា ប្រទេសក្នុងក្រុមក្វាដនេះបានធ្វើសមយុទ្ធជើងទឹកប្រចាំឆ្នាំនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិកដើម្បីបង្ហាញអន្តរប្រតិបត្តិការ ហើយអាម៉េរិកធ្វើការល្បាតក្នុងសមុទ្រចិនខាងត្បូងជាប្រចាំក្នុងអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថាសេរីភាពនាវាចរណ៍។
ចិនធ្លាប់ហៅក្រុងក្វាដនេះថាជា សំណង់សង្គ្រាមត្រជាក់មួយនិងជាបនដែលផ្តោតលើប្រទេសផ្សេងៗ។
ដំណើរមកចូលរួមប្រជុំរបស់លោករដ្ឋមន្ត្រីការបរទេសអាម៉េរិកកើតឡើងក្រោយពីមេដឹកនាំចិននិងរុស្ស៊ីកាលពីសប្តាហ៍មុនបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ«គ្មានដែនកំណត់»មួយ ដើម្បីស្ថាបនាសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ ផ្អែកលើការបកស្រាយផ្ទាល់របស់ប្រទេសទាំងពីរស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕
ក្រុមរដ្ឋមន្ត្រីការបរទេសក្រុមក្វាដ ជួបប្រជុំគ្នានៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃ១១កុម្ភៈ