ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ អ្នកក្រុងហូជីមិញបានសម្រុកទៅផ្លូវតាន់គីតាន់គុយ ក្នុងសង្កាត់តាន់ភូ (Tan Phu)នៃទីក្រុងហូជីមិញដើម្បីទិញត្រីរ៉ស់អាំង ដែលជាតង្វាយមួយត្រូវតែមានដាច់ខាត់នៅថ្ងៃ “ទេវតាទ្រព្យ”។
ផ្លូវតាន់គីតាន់គុយគឺពោរពេញដោយអតិថិជនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈអ្នកហូជីមិញតម្រង់ជួរនៅមុខតូបដើម្បីទិញត្រីរ៉ស់អាំងសម្រាប់ថ្ងៃ “ទេវតាទ្រព្យ” ឬហៅថា ថ្ងៃកៃសិន (Caishen Day) ឬ ថាន់តៃ (Than Tai)ជាភាសាវៀតណាម។
ទេវតាទ្រព្យ ដែលគោរពបូជាដោយក្រុមគ្រួសារវៀតណាមនៅថ្ងៃទី ១០ នៃឆ្នាំចន្ទគតិ (១០ កុម្ភៈ ឆ្នាំនេះ) ត្រូវគេជឿថានឹងនាំលាភសំណាងដល់មុខជំនួញនិងក្រុមគ្រួសារពេញមួយឆ្នាំ។
តូបរាប់សិប ដែលអាំងត្រីរ៉ស់រាប់តោនសម្រាប់ជាសំណែនពិសេសនៅថ្ងៃទេវតាទ្រព្យ បានចាប់ផ្តើមលក់នៅម៉ោង ៤ ទៀបភ្លឺ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដ៏ខ្ពស់។
លោក ង្វៀន ទ្រុង បានបង្ហើបឱ្យដឹងថា តូបរបស់គាត់បានដំណើរការពេញសមត្ថភាពក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
បុរសវ័យ៦៨ឆ្នាំរូបនេះបាននិយាយថា “ជារៀងរាល់ឆ្នាំ ខ្ញុំបាននាំចូលត្រីរ៉ស់ប្រហែល ៣ ពាន់ក្បាល (៥ តោន) ពីផ្សារលក់ដុំបិញទៀន (Binh Dien) សម្រាប់ថ្ងៃទេវតាទ្រព្យ”។
នៅភាគខាងត្បូង ប្រជាជនតែងធ្វើដង្វាយជាផ្លែឈើ ផ្កា ក្រដាសសែន ធូប សាច់អាំង និង ជាពិសេសត្រីរ៉ស់អាំង ដែលខានមិនបាននោះឡើយ។
ត្រីរ៉ស់អាំងរាប់ពាន់ក្បាលត្រូវបានរៀបចំយ៉ាងស្អាតនៅលើធ្នើរខាងក្នុងតូបរបស់លោកទ្រុង។ បុគ្គលិករបស់គាត់បានប្រឹងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីធ្វើត្រី រៀបចំបន្លែ និងធ្វើទឹកជ្រលក់។
ជាធម្មតាតូបរបស់លោកទ្រុងមានបុគ្គលិកតែពីរបីនាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងឱកាសនេះ លោកនិយាយថាបានកៀរគរបុគ្គលិកជិត ៣០ នាក់។
អាស្រ័យលើទំហំ ត្រីរ៉ស់អាំងនីមួយៗមានតម្លៃចន្លោះពី ១៧០.០០០-២០០.០០០ ដុង (៧,៤៩-៨,៨១ ដុល្លារ)។ បើផ្អែកតាមតូបជាច្រើន តម្លៃនេះគឺកើនឡើងបន្តិចធៀបនឹងឆ្នាំមុន។
នាងហាំង ជាអ្នកស្រុកនៅសង្កាត់តាន់បិញ (Tan Binh) បានទិញត្រីអាំងពីរនៅថ្ងៃទេវតាទ្រព្យ។
នាងនិយាយថា “ដោយសារតែខ្ញុំជាម្ចាស់អាជីវកម្ម ការថ្វាយបង្គំទេវតាទ្រព្យគឺសំខាន់ណាស់សម្រាប់ខ្ញុំ”៕
តូបរាប់សិបដាក់លក់ត្រីរ៉ស់អាំងសម្រាប់ប្រជាជនក្រុងហូជីមិញសែននៅថ្ងៃទេវតាទ្រព្យ