ដោយៈសុផល/ភ្នំពេញៈស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំជំនួបមួយនៃតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងនានាដែលដំណើរការនៅប្រទេសកម្ពុជា។ជំនួបនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងជាង៥០នាក់ក៏ដូចជាតំណាងស្ថាប័នបារាំងនិងអឺរ៉ុបជាច្រើននាក់ទៀត។ជំនួបនេះគឺជាឱកាសពិភាក្សាគ្នាអំពីការបំពេញបេសសកម្ម ឆ្ពោះទៅសម្រេចគោលដៅរួម គឺការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា ជំនួបដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៩ ខែកុម្ភៈនោះ ប្រតិបត្តិករនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងបានបង្ហាញនូវ សកម្មភាពរបស់ខ្លួននៅកម្ពុជា។

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ដែលប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួននៅឆ្នាំនេះបានផ្តល់ហិរញ្ញប្បទានជាង៨៨០លានអឺរ៉ូដល់កម្ពុជាចាប់តាំងពីការបង្កើតការិយាល័យនៃស្ថាប័ននេះនៅកម្ពុជា។មួយផ្នែកនៃហិរញ្ញប្បទាននេះត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល។

អង្គការបារាំង ហ្វ្រង់វ៉ូឡុងទែរ ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តអន្តរជាតិមួយ មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២។ អង្គការនេះជួយជ្រោមជ្រែង និងដឹកនាំបណ្តាញអ្នកស្ម័គ្រចិត្តនៅកម្ពុជាដើម្បីលើកកម្ពស់ និងអភិវឌ្ឍការងារស្ម័គ្រចិត្ត​ប្រកបដោយគុណភាព បើកទូលាយដល់មនុស្សគ្រប់រូប និងផ្លាស់ប្តូរទៅវិញទៅមក។

ក្នុងព្រឹត្តិការណ៍នេះលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានកោតសរសើរដល់ អង្គការ​​ក្រៅរដ្ឋាភិបាល បារាំងជាច្រើនដែលបំពេញការងារនៅប្រទេសកម្ពុជាដោយមួយចំនួនបានដំណើរការជាច្រើនឆ្នាំមកហើយ។អង្គការបារាំងខ្លះបំពេញការងារពីប្រទេសបារាំងក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុក។រីឯខ្លះទៀតមានការិយាល័យតំណាងនៅប្រទេសកម្ពុជា។ អង្គការបារាំងផ្តោតសកម្មភាពច្រើននៅក្នុងវិស័យអប់រំសុខាភិបាល និងសមភាពយែនឌ័រ។ផលប៉ះពាល់ផ្នែក សេដ្ឋកិច្ចនិងសង្គមនៃវិបត្តិកូវីដ១៩បានជំរុញឱ្យអង្គការបារាំងជាច្រើនបែងចែកមួយផ្នែកនៃថវិការបស់ខ្លួនដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនដែលជួបការលំបាកបំផុត។

ប្រភពដដែលបន្តថាក្នុងជំនួបខាងលើលោកឯកអគ្គរដ្ឋទូតក៏បានរំលឹកផងដែរថាគោលនយោបាយអភិវឌ្ឍន៍គឺជាសសរស្តម្ភ នៃគោលនយោបាយការបរទេសបារាំង។ ក្នុងន័យនេះ ច្បាប់បារាំងមួយដែលត្រូវបានអនុម័តថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្តីពីកម្មវិធីពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយសាមគ្គីភាពបានផ្តល់ឱ្យប្រទេសបារាំងនូវមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាពពិភពលោក និងដើម្បីការពារសម្បត្តិសាធារណៈពិភពលោក។ ក្នុងន័យនេះ ប្រទេសបារាំងប្រើប្រាស់០,៥៥ភាគរយនៃប្រាក់ចំណូលជាតិដុលរបស់ខ្លួនសម្រាប់ជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ២០២២។ អង្គការក្រៅរដ្ឋាភិបាលនឹងនៅតែជាតួអង្គសំខាន់ ដោយហេតុថាចំនួនទឹកប្រាក់នៃជំនួយសាធារណៈ សម្រាប់ការអភិវឌ្ឍផ្តល់ឱ្យគម្រោងនានាដែលត្រូវបានដាក់ឱ្យដំណើរការដោយអង្គការសង្គមស៊ីវិលសកម្មក្នុងវិស័យអភិវឌ្ឍន៍អន្តរជាតិនឹងមានការកើនឡើងពីរដងនៅឆ្នាំ២០២២ធៀបនឹងចំនួនទឹកប្រាក់នៃជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍឆ្នាំ២០១៧៕សរន

ស្ថានទូតបារាំងប្រចាំកម្ពុជារៀបចំជំនួបរវាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថាប័នបារាំង(រូបថតស្ថានទូត)