ដោយៈអង្គារ៍ហេង/ភ្នំពេញៈ ស្ត្រីមានជំងឺកូវីដ-១៩ ម្នាក់ ដែលសម្រាកព្យាបាលនៅផ្ទះ បានសម្រេចចិត្ត ទៅលោ ត ទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយសារតូចចិត្តប្តីផឹកស្រវឹងប្រើហិង្សាវាយតប់ រូប គាត់ ជារៀងរាល់ថ្ងៃ តែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់។ ហេតុការណ៍នេះ កើតឡើងកាលពី ម៉ោង ១១ យប់ថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ស្ត្រីខាងលើមានអាយុ៤៣ឆ្នាំ ជាអ្នកមើលថែក្មេងៗនៅអង្គការមួយ។ គាត់បានឱ្យដឹងថា បានប៉ុន្មានថ្ងៃមុននេះគាត់មានអាការៈមិនស្រួលខ្លួន ក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះ កេតុមាលា។ បន្ទាប់មកក្រុមគ្រូពេទ្យ បានយកសំណាកទៅធ្វើតេស្ត ហើយប្រាប់ថា រូបគាត់វិជ្ចមានជំងឺកូវីដ-១៩ និង បានធ្វើកិច្ចសន្យាឱ្យរូបគាត់ទៅសម្រាកព្យាបាលនៅផ្ទះ។ ពេលគាត់សម្រាកព្យាបាលនៅផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យបែរជាកន្លែងធ្វើការ ចោទប្រកាន់ថាគាត់កុហកយកលេសធ្វើជាឈឺ គេចពីការងារទៅវិញ។ ចំណែក ប្តីរបស់គាត់ វិញបែរជាប្រចណ្ឌរូបគាត់ ហើយចោទថាធ្វើជាឈឺនៅផ្ទះ លួចទៅមានសហាយទៅវិញ ហើយ ពេលផឹកស្រវឹងម្តងៗគឺ តែងតែប្រើហិង្សាវាយតប់រូបគាត់ ស្ទើររៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ នោះ ប្តីគាត់បានវាយគាត់ និងយកខ្សែក្រវាត់មករឹត ក គាត់ឡើងជាំ ពេលនោះគាត់រើរួចក៏រត់ ចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួនតែម្តង ។
បន្ទាប់ពីកើតហេតុស្ត្រីរូបនេះ បានប្រាប់ថា រូបគាត់ចង់ទៅសម្រាកព្យាបាល នៅកន្លែង ព្យាបាលជំងឺកូវីដ-១៩ ដើម្បីគេចពីប្តីដែលតែងតែប្រើហិង្សាមកលើគាត់ ហើយ ប្រជាពលរដ្ឋ ក៏ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ ៕