ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: សមត្ថកិច្ច បាន​ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន មនុស្ស ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ដេញ​កាប់​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល និង​ខូចខាត​ម៉ូតូ ស្ទើរតែ​ស្រុង ពីរ​គ្រឿង ព្រោះតែ​ប្រកាន់​មិន​ឲ្យ​មើលមុខ​ចំ​។​

​នគរបាល​ស្រុក​កំរៀង បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន​មុខសញ្ញា​បង្ក​ការ ភ័យខ្លាច ដល់​សាធារណជន ដេញ​កាប់​ភាគី​ជនរងគ្រោះ បណ្តាល​ឲ្យ​របួស​នេះ ធ្វើឡើង​នៅ​ល្ងាច ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២២​។

​ជនសង្ស័យ ទាំងពីរ​នាក់​នោះ ឈ្មោះ សម្បត្តិ ចាន់ថន និង​ម្នាក់ទៀត ឈ្មោះ កំសត់ ថៃ ។ យុវជន ជា​ជនសង្ស័យ​ទាំង ពីរ​នាក់​នេះ មាន​អាយុ ១៨ ឆ្នាំ ដូចគ្នា និង​រស់នៅក្នុង​ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ជា​កម្មករ រួមទាំង​វត្ថុតាង ដាវ​សាំ​ម៉ូ​រ៉ៃ មួយ​ដើម ម៉ូតូ​មួយ គ្រឿង ម៉ាក​ហុងដា វេ​វ គ្មាន​ស្លាក​លេខ មួយគ្រឿង ផងដែរ​។​

​ចំណែក​យុវជន​រងគ្រោះ​ដែល​រងរបួស ក្រោម​ផ្លែដាវ​សាំ​ម៉ូ​រ៉ៃ ដុំថ្ម​គប់​ស្រោច​លើ មានឈ្មោះ លឹម ពិសិដ្ឋ អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​តា​សែន មុខរបរ មេការ​ចុងភៅ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត ឈ្មោះ រឿន ចាន់​រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​សាមសិប ឃុំ​តា​ក្រី រងរបួស​ស្រាល ថែមទាំង​ម៉ូតូ​ចំនួន ពីរ​គ្រឿង ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

​នគរបាល បានបញ្ជាក់​បន្ថែមថាៈ ក្រុម​ជនបង្ក និង​បក្ខពួក កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ កន្លងមកនេះ ដោយសារ​ខឹង ក្នុង​រឿង​មើលមុខ បាន​បង្ក​ហិង្សា ធ្វើ​ឲ្យ​ខូចខាត មាន​ស្ថាន​ទម្ងន់ទោស នៅត្រង់​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​។ ករណី​ខាង លើ​នេះ ជនបង្ក ជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​ផ្នែក​ជំនាញ កសាង​សំណុំរឿង បញ្ជូនបន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕/V​-PC