​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​ក្មេង​ទំនើង​ចំនួន ១១​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​វាយ​ឆក់ ប្លន់​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ នៅតាម​ផ្លូវជាតិ​លេខ​៦​អា​និង​នៅ​តំបន់​ជ្រោយចង្វារ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​ឱ្យបាន​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ក្រោយ​ការស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១១​ខែកុម្ភ​:​ឆ្នាំ​២០២២​នេះ​។​ក្រុម​ក្មេង​ទំនើង​ចំនួន​១១​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​បង្ក្រាបបាន​បន្ទាប់ពី​ធ្វើ​សកម្មភាព វាយ​ឆក់ ប្លន់​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ នៅតាម​ផ្លូវជាតិ​លេខ ៦​អា ក្នុងភូមិ​សាស្ត្រ ស្រុក​មុខកំពូល​លើក​ទី​១​កាល​ថ្ងៃទី​៦ ខែកុម្ភ​: ឆ្នាំ​២០២២ និង​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០២២ ចាប់បាន ប្រាំបួន​នាក់ ។

​សូមបញ្ជាក់ថា​ក្រុម​ក្មេង​ទំនើង​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព​ពេលយប់ ក្នុង​ទឹកដី​សង្កាត់​ជ្រោយចង្វារ និង​ស្រុក​មុខកំពូល ជា​ញឹកញាប់ ។ បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង ១១ នាក់​នេះ រួមទាំង​មធ្យោបាយ​ល្មើស​ធ្វើ​សកម្មភាព​ម៉ូតូ​ពីរ​គ្រឿង ទូរស័ព្ទដៃ ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ដកហូត​បានប្រគល់​ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​