ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចចំការបោះឆ្នោត ( គ.ជ.ប. ) បានទទួលជួបពិភាក្សាការងារជាមួយលោក Marc Thayre អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសហការីកាលពីព្រឹកថ្ងៃសុក្រទី១១ខែកុម្ភៈឆ្នាំ២០២២នៅទីស្ដីការគ.ជ.ប.។នៅក្នុងជំនួបភាគីអនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេសមានបំណងស្វែង យល់ពីការបោះឆ្នោតក្នុងប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានប្រាប់ររស្មីកម្ពុជានៅរសៀលថ្ងៃទី១១ខែកុម្ភៈនេះថា នៅក្នុងជំនួបភាគី អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេស បានសួរនាំអំពីអ្វីដែលជាបញ្ហាអាទិភាពនៅក្នុងដំណើរការបោះឆ្នោត។ ហើយគ.ជ.ប ក៏បានបញ្ជាក់អំពីការបញ្ចូលនិងប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងដំណើរការបោះឆ្នោតគឺការចុះឈ្មោះបេក្ខជន នៃគណបក្សនយោបាយ ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបញ្ជាក់ឲ្យការបោះឆ្នោតនិងការពិនិត្យផ្ទៀងផ្ទាត់នៅ លទ្ធផលនៃការបោះឆ្នោតដោយប្រព័ន្ធបច្ចេកវិទ្យា។
ភាគីស្ថានទូតអង់គ្លេសបានសួរនាំអំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដោយលោកប្រធាន គ.ជ.ប បានបញ្ជាក់ថា នៅរក្សាទុកដដែល។ ភាគីអង់គ្លេសក៏បានសួរថា ដោយសារព្រឹត្តិការណ៍នៃកូវីដ តើគ.ជ.ប. មានកិច្ចសហការយ៉ាងណា និងមានពិភាក្សាជាមួយក្រសួងសុខាភិបាលដែរឬទេ? ដោយគ.ជ.ប. បានបញ្ជាក់ថា បានប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងយកចិត្តទុកដាក់ជាប្រចាំទោះបីជាជិតដល់ពេលបោះឆ្នោតក៏ដោយ ក៏នៅតែរក្សាការការពារ។
លោក ហង្ស ពុទ្ធា បានបន្តថា ភាគីអង់គ្លេសក៏បានសួរនាំអំពីប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសតើអាចធ្វើការ បោះឆ្នោតបានទេ? គ.ជ.ប បានបញ្ជាក់ថា នៅក្រៅឲ្យតែមានឈ្មោះនៅក្នុងបញ្ជី គឺអាចអញ្ជើញមកចុះឈ្មោះនៅក្នុង ហើយឲ្យតែមានឈ្មោះនៅក្នុងបញ្ជីគឺអាចបោះឆ្នោតបាន។
អ្នកនាំពាក្យគ.ជ.ប. បានបន្តទៀតថា ភាគីស្ថានទូតអង់គ្លេសបានសួរអំពីតួនាទីរបស់សង្គមស៊ីវិល ដោយគ.ជ.ប បានជម្រាបជូនថា សង្គមស៊ីវិលចូលរួមសកម្មភាពពីរសំខាន់ គឺការងារអប់រំ និងការងារជាអ្នកសង្កេតការណ៍។ ហើយប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ.ជ.ប .តែងផ្តល់ជាប្រចាំដើម្បីបន្តឲ្យប្រជាពលរដ្ឋបានដឹង។
លោក ម៉ាក ថ័រ បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប.ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួប ហើយបានវាយតម្លៃថា តំណែងជាប្រធាន គ.ជ.ប គឺមានការទទួលខុសត្រូវខ្ពស់ណាស់។
ទន្ទឹមនឹងនេះ លោក ម៉ាក ថ័រ ក៏ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ជាអាទិ៍ ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)និងវិធានការការពារជំងឺ កូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត៕សរន