ដោយៈសុផល/ភ្នំពេញៈលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)សម្រាប់ អាណត្តិ២០២២ ដល់២០២៣។ ចំណែកលោកស្រី ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា (CAMMA) ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។
ការបោះឆ្នោតនេះត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីសមាជិកសមាជីកាជាង១០០ស្ថាប័ន។
បេក្ខជន១១រូបផ្សេងៗទៀតដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗក៏ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជា សមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិ ២០២២ដល់២០២៣ ផងដែរ។ សមាសភាពថ្មីទាំងអស់រួមមាន៖
១.លោក សុខ វឿន ជាប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី,២.លោកជំទាវ ឌិត នីតា ជាអនុប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា,៣.លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ
៤.លោក ដុស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ,៥.លោកឧកញ៉ាបណ្ឌិត ប៊ុន មុន្នី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី,៦.លោក អ៊ុ សមអឿន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
៧.លោក ចាន់ ម៉ាច ជាសមាជិក មកពីធនាគារ ហ្វីលីព,៨.លោកឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា
,៩.អ្នកស្រី តុប សុក្រសម្ភារ ជាសមាជិក មកពីធនាគារអ៊ូរី,១០.លោក ប៉ា ប៉ុណ្ណរិទ្ធីជាសមាជិកមកពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា,១១.លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
,១២.លោក ឡាវ ប៉ូគៀត ជាសមាជិកមកពីគ្រឹះស្ថានភតិសន្យា អាយហ្វាយណាន់និង.លោក ផេង ភាព ជាសមាជិកមកពីគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស។
គួរជម្រាបថាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការ និង ទ្រព្យសម្បត្តិសមាគម ឱ្យបានពេញលេញ និង ត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាអោយបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោក ក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាអភិបាលឯករាជ្យនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
លោក សុខ វឿន មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍន៍ផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ២០០០៕