ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ការប្រកួតលីកកំពូលធំៗទាំង៥នៅអឺរ៉ុបវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។ នៅអង់គ្លេស ក្រុមមេឃខៀវ Man City រំពឹងឈ្នះនៅថ្ងៃសៅរ៍នេះដើម្បីពង្រីកការនាំមុខបន្ថែមទៀត ក្នុងពេលដែលក្រុមបិសាចក្រហម Man U ក៏រំពឹងឈ្នះនៅក្បាលព្រលប់នេះផងដែរ។
ចំណែកនៅឯលីកកំពូលអាល្លឺម៉ង់ Bayern ក៏នៅតែរំពឹងឈ្នះលើ Bochum ដើម្បីបន្ថែមការនាំមុខលើកំពូលតារាង។
ទន្ទឹមនេះនៅអេស្ប៉ាញ ក្រុមកំពូលតារាងដូចជា Real Madrid, Betis, Barcelona ក៏រំពឹងទទួលបានបីពិន្ទុរៀងៗខ្លួនបន្ថែមទៀតនៅចុងសប្តាហ៍នេះដែរ។
ដោយឡែកក្រុមរំពឹងឈ្នះខ្ពស់បំផុតនៅបារាំងនិងអ៊ីតាលីចុងសប្តាហ៍នេះរួមមានដូចជា Monaco, Clemont, Nantes, Lens, Lazio, Torino, AC Milan និង Verona។
សម្រាប់ការវិភាគលម្អិត យើងនឹងលើកយក២គូនៅអង់គ្លេស គឺ ៖
– [5] Manchester Utd vs Southampton [10]
បិសាចក្រហមមិនទាន់បង្ហាញទម្រង់លេងលេចធ្លោណាមួយនៅឡើយទេ បើទោះបីជាបាននាំយកគ្រូបង្វឹកអស្ចារ្យដូចជាលោក រ៉ាហ្វ រេងនីក (Ralf Rangnick) ដែលទទួលបានការគោរពខ្ពស់ពីលោក ជួហ្គិន ក្លប់ និងលោក ថូម៉ាស ធូខល់ ក៏ដោយ។
យ៉ាងហោចណាស់ ការបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ គឺជាកត្តាចាំបាច់បំផុតសម្រាប់ក្រុមបិសាចក្រហម បើមិនដូច្នោះទេនឹងត្រៀមខ្លួនជួបស្ថានភាពដូចចុះនរកជាមិនខាន។ ជាពិសេសជាមួយវត្តមានដូចជា គ្រីស្ទាណូ រ៉ូណាល់ដូ នៅក្នុងក្រុមរបស់ពួកគេ គេមិនអាចនឹកស្មានថានឹងមានអ្វីកើតឡើងនៅ United នោះឡើយ ប្រសិនបើពួកគេបរាជ័យមិនអាចទទួលបានកៅអី CL ។
ពួកគេមានការប្រកួតប្រជែងដ៏ស្វិតស្វាញនៅចុងសប្តាហ៍នេះ ខណៈដែលពួកគេស្វាគមន៍ Southampton នៅទឹកដី Old Trafford ។ ក្រុមព្រះម៉ែម៉ារី Southampton កំពុងមានស្មារតីខ្ពស់បន្ទាប់ពីបានទទួលជ័យជម្នះ ២-៣ នៅក្រៅទឹកដីកាលពីពាក់កណ្តាលសប្តាហ៍ទល់នឹង Tottenham ដែលកំពុងមានទម្រង់លេងល្អ។
ការជួបគ្នានៅទឹកដី Old Trafford គឺប្រាកដជាការប្រកួតដ៏គួរឱ្យរំភើប។ ក្រុមទាំងពីរកំពុងត្រូវការពិន្ទុជាបន្ទាន់ ហើយរំពឹងមានការវាយលុកគ្នាទៅវិញទៅមកមិនសំចៃជើងនោះឡើយ។
ប្រវត្តិជួបគ្នា
– ជួបគ្នាចុងក្រោយបំផុតស្មើគ្នា ១-១។
– មុននេះ ៤ ប្រកួតចុងក្រោយ ពួកគេស៊ុតចូលគ្នាលើសពី ៣ គ្រាប់ឡើងទៅ។
– ៦ប្រកួតក្នុងចំណោមជំនួប ៧ លើកចុងក្រោយ ក្រុមទាំងពីរតែងស៊ុតបញ្ចូលទីគ្នា។
– ៤ ប្រកួតចុងក្រោយនៅទឹកដី Old Trafford មានគ្រាប់បាល់ស៊ុតចូលលើសពី ៤ គ្រាប់ឡើងទៅ។
ត្បិតមិនលេចធ្លោ ប៉ុន្តែទម្រង់លេងរបស់ Man U កំពុងឡើងសន្សឹមៗ ចំណែកទម្រង់លេងរបស់ Southampton ក៏ស្រដៀងនឹងបិសាចក្រហមដែរ ប៉ុន្តែរាងទាបជាងបន្តិច។
ផ្អែកលើប្រវត្តិនិងទម្រង់លេងសព្វថ្ងៃ យើងរំពឹងបិសាចក្រហមឈ្នះយ៉ាងហោចក្នុងលទ្ធផល ៣-១ ។
– [18] Norwich vs Manchester City [1]
ដោយសារជួបតែការប្រកួតអំណោយផលថ្មីៗនេះ Norwich អាចបន្ថែមពិន្ទុជាង ៤០% នៃពិន្ទុសរុបរបស់ពួកគេពីការប្រកួតបីលើកចុងក្រោយ។ ប៉ុន្តែនៅប្រកួតខាងមុខនេះ ពួកគេនឹងត្រូវជួបជាមួយក្រុម Man City និង Liverpool ។
មុននេះ ពួកគេបានប្រកួតស្មើ ១-១ ជាមួយក្រុម Crystal Palace នៅក្នុងផ្ទះ។ លទ្ធផលមុននេះប៉ុន្មានប្រកួតរបស់ចាបលឿង គឺឈ្នះរហូត។
ដោយអាចបន្ថែម៧ពិន្ទុពីការប្រកួតលីក៥លើកចុងក្រោយរបស់ពួកគេ ក្លិបចាបលឿងបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៨ ក្នុងតារាងលីកកំពូលរបស់អង់គ្លេស ដោយមាន១ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ Newcastle United។
ក្រុមមេឃខៀវ Manchester City កំពុងបន្តការលេងល្អឥតខ្ចោះរបស់ពួកគេ ហើយពួកគេកំពុងបំបាក់គូប្រជែងទាំងអស់នៅ Premier League ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដូចសព្វមួយដង។ ក្លិបមេឃខៀវមានការនាំមុខច្រើនពិន្ទុល្មមអាចការពារ ១៤ ប្រកួតសេសសល់ចុងក្រោយរបស់ពួកគេ ដើម្បីលើកពានលីកជាលើកទី ៤ ក្នុងរយៈពេល ៥ ឆ្នាំ។
ការប្រកួតលីកថ្មីៗបំផុតរបស់ពួកគេគឺនៅក្នុងផ្ទះទល់នឹង Brentford ដែលក្នុងនោះពួកគេបានយកឈ្នះយ៉ាងងាយស្រួលលើក្រុមនៅទីក្រុងឡុងដ៍នេះក្នុងលទ្ធផល ២-០ ។
ដោយមិនខ្វល់ពីការធ្វើដំណើររបស់ពួកគេទៅកាន់កីឡដ្ឋាន Saint Mary’s Stadium ទីដែលពួកគេលេងបានត្រឹម១ពិន្ទុ ក្រុមមេឃខៀវបានឈ្នះរាល់ការប្រកួតលីកទាំង ១៤ លើកចុងក្រោយរបស់ពួកគេ។
ដូច្នេះដោយដណ្តើមបាន ៤០ ពិន្ទុពី ៤២ សរុបពិន្ទុក្នុងចំណោមការប្រកួតទាំងអស់នោះ ឥឡូវនេះក្លិបមេឃខៀវកំពុងនាំមុខ Liverpool ចំនួន ៩ ពិន្ទុនៅលើកំពូលតារាង។ យ៉ាងណាមិញ ហង្សក្រហមនៅមានមួយប្រកួតក្នុងដៃលើក្រុមរបស់លោកប៉េប ហ្គាឌីអូឡា។
ប្រវត្តិជួបគ្នា
– ក្រុមចាប់លឿងធ្លាប់បំបាក់មេឃខៀវម្តងគត់ក្នុងជំនួប៨លើកចុងក្រោយ។
– ក្រុមមេឃខៀវរក្សា Clean Sheet ចំនួន ៤ លើកចុងក្រោយទល់នឹង Norwich។
– ជួបគ្នា ៣ លើកចុងក្រោយ មានគ្រាប់បាល់ស៊ុតចូលលើសពី ៥ គ្រាប់ឡើងទៅ។
ផ្អែកលើទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ Man City យើងរំពឹងពួកគេបន្តឈ្នះក្នុងលទ្ធផលព្យាករណ៍ ៣-១៕
Man U រំពឹងឈ្នះ Southampton នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះដើម្បីប្រជែងកៅអី Top 4