ដោយ:ដេប៉ូ/ភ្នំពេញ: លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថានបានប្រកាសជាផ្លូវការនិងប្រគល់សៀវភៅយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនដល់ស្ថាប័នពាក់ព័ន្ធ។
បញ្ជាក់ក្នុងពិធីនេះ លោកសាយ សំអាល់ បានបង្ហាញការសាទរចំពោះក្រុមការងារក្នុងការផលិតបាននូវសៀវភៅ “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” បានទាន់ពេលវេលា ប្រកបដោយជោគជ័យ។
លោករដ្ឋមន្ត្រីបានថ្លែងដែរថា យុទ្ធសាស្ត្រដែលមានក្នុងសៀវភៅនេះ បង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះប្រជាជនខ្លួន និងចំពោះពិភពលោកទាំងមូល។ ផ្ដើមចេញពីការដឹកនាំប្រទេសប្រកបដោយភាពភាពឈ្លៀសវៃ និងសុខសន្តិភាព ដែលអាចឱ្យកម្ពុជាឈានមកគិតគូរពីបរិស្ថាន និងដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននេះឡើង។
គួរបញ្ជាក់ថា សៀវភៅនេះ បានដាក់ចេញនូវវិស័យសំខាន់ៗចំនួន៦ រួមមាន (១)កសិកម្ម (២)ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (៣)ថាមពល (៤)ការដឹកជញ្ជូន (៥)ឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល និង(៦)ការគ្រប់គ្រងសំណល់ ដែលឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងភាពប្រាកដនិយម ដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីសម្រេចឱ្យបាននូវគោដៅអព្យាក្រឹតកាបូន ត្រឹម៣០ឆ្នាំខាងមុខ។ នេះគឺជាលើកទី១ដែលកម្ពុជាបានបង្កើតបាននូវឯកសារយុទ្ធសាស្ត្ររយៈពេលវែងក្នុងការសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលនេះគឺស្របនឹងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ និងផែនការបរិស្ថានជាតិផ្សេងទៀត៕