ដោយ: ដេប៉ូ/ភ្នំពេញ: គិតត្រឹមរយៈពេលឆ្នាំ២០២១កន្លងមក មានកម្មករនិយោជិតជាស្ត្រីសម្រាលកូន ៦៥.៨៧១នាក់ មានកូនចំនួន ៦៦.៣៣៥នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ពាន់ ៥៣៤លានរៀល។
យោងតាមរបាយការនៅក្នុងពិធី “បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម” ដែលបានរៀបចំធ្វើឡើង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក បានឱ្យដឹងថាកម្មករនិយោជិតទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប.ស.ស. បានផ្តល់ប្រាក់ឈ្នួលដល់កម្មការិនីសម្រាលកូន បានចំនួន២៤២.៣៦៧ នាក់ គិតជាទឹកប្រាក់សរុបចំនួន៤៩៣ ៩៧ប៊ីលានរៀល។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូនចំនួនមួយនាក់ ថវិកា ៤០ម៉ឺនរៀល កូនចំនួនពីរនាក់ ថវិកា ៨០ម៉ឺនរៀល និងកូនចំនួនបីនាក់ ថវិកា ១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
របាយការណ៍នេះបានឱ្យដឹងបន្ថែមថាគិតត្រឹមឆ្នាំ២០២១ ប.ស.ស បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុបចំនួន ២៨២.០៧៣នាក់ មានកូនសរុប ២៨៤.០១៦នាក់ ដែលបានចំណាយទឹកប្រាក់ ១១៣ពាន់ ៦០៦លាន ៤០០សែនរៀល។ ដោយឡែកសម្រាប់ឆ្នាំ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាកកូន ៦៥.៨៧១នាក់ មានកូនចំនួន ៦៦.៣៣៥នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ពាន់ ៥៣៤លានរៀល៕