ដោយ: ភ្នំស្វាយ/បន្ទាយមានជ័យៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើពិធីសែនក្រុងពលីបើកការដ្ឋានសាងសង់ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ដែលមានទឹកប្រាក់ប្រមាណ២២លានដុល្លារអាមេរិក ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ:ការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអោយដឹកថា: ក្រោមកម្ចីឥណទានរបស់ ADB រួមជាមួយនឹងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផង គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទទួលការសាងសង់ដោយក្រុមហ៊ុន BUCG និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Ramboll Denmark. A/W In jointventure With oriental Consultant&Secln Association With Tancons ដែលចំណាយអស់ទឹកប្រាក់ ២២.៤៨៦.១៧៩ ដុល្លារអាមេរិក។
ការសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ មានរយៈពេលគ្រោងសាងសង់ ៣ ឆ្នាំ គឺចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤។
អ្នកទទួលការសាងសង់ត្រូវផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកនិយោជិកធ្វើប្រតិបត្តិការ និងថែទាំការងារនេះរយៈពេល ៦ ខែចាប់ពីថ្ងៃបញ្ចប់ការសាងសង់ ។
លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា: ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពអាចចម្រោះបានចំនួន៣.៥០០ម៉ែត្រក្នុងមួយថ្ងៃ ហើយសាងសង់លើផ្ទៃដីប្រមាណ ៤ហិកតា។
លោកបានបន្តឲ្យដឹងទៀតថា ការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់តំបន់សេវាកម្មភាគពាយ័ព្យ នៃស្ទឹងសិរីសោភ័ណដែលមានបំពង់បង្ហូរប្រវែង១១០គីឡូម៉ែត្រ និងស្ថានីយបូមមេមួយកន្លែងនិងស្ថានីយបូមតូចចំនួន ៣ កន្លែង ។
ព្រមទាំងការតភ្ជាប់បណ្ដាញតាមផ្ទះជាពាណិជ្ជកម្ម អាគារស្ថាប័នផ្សេងៗចំនួន៣.៧៧៩ កន្លែង ។
គម្រោងនេះនឹងធ្វើការសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង២.៥០០ ម៉ែត្រនិងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង៦.៨៨៥ម៉ែត្រ ៕