ដោយៈ ប.ខុន / ភ្នំពេញៈ ផ្ទៃដីនៅក្រោមអាងទឹកនានា ដែលអាចបង្កបង្កើន ផលស្រូវប្រាំង បាន ក្នុងខេត្តឧត្តរមានជ័យ មានចំនួនប្រមាណជា ៧.០០០ ហិកតា តែដោយសារប្រជា ពលរដ្ឋ នៅប្រកាន់ទម្លាប់ច្រើន នាំឱ្យការដាំដុះ ស្រូវប្រាំងបាន តែជាងមួយរយហិកតា ក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា នៅក្នុងពេលចុងក្រោយនេះ ការធ្វើស្រូវប្រាំង ឃើញមាន ការកើនឡើង បន្តិច ជាងឆ្នាំមុន ដោយសារអ្នកចំណូលថ្មី បានជួលដីស្រែ ពីប្រជាពលរដ្ឋ នៅមូលដ្ឋាន មកធ្វើស្រូវប្រាំង នៅតាមប្រព័ន្ធស្រោចស្រព ដែលមានទឹកគ្រប់គ្រាន់ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។
ខេត្តឧត្តរមានជ័យ មានអាងទឹកតូចធំ ចំនួន ៩៣ អាង អាចស្តុកទឹកទុក បានប្រមាណជា ៧០០ លានម៉ែត្រគូប ដែលក្នុងនេះ ចំនួន ៥០០ លានម៉ែត្រគូប សម្រាប់បញ្ជូនទៅស្រោច ស្រព ការដាំដុះដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តសៀមរាប និងខេត្តបន្ទាយមាន ជ័យ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថាៈ នៅក្នុងខេត្តឧត្តរមានជ័យ មានអាងស្តុក ទឹកបានច្រើន តែប្រជាពលរដ្ឋ នៅប្រកាន់ទម្លាប់ មិនទាន់និយមធ្វើស្រូវប្រាំងទេ តែបានដាំដំណាំផ្សេងៗ នៅលើផ្ទៃដីស្រែទាំងនោះ ជំនួសដំណាំស្រូវ ដូចជាឪឡឹក តាសក់ (បាឡុង) ដំឡូងពូជថ្មី ដែលទទួលបានប្រាក់ចំណូល ច្រើនជាងការធ្វើស្រូវប្រាំង។ ផ្ទៃដីស្រូវប្រាំង ចាប់ផ្តើម ឃើញមានការកើនឡើង ហើយបន្ទាប់ពីមានការអប់រំផ្សព្វផ្សាយ ជាបន្តបន្ទាប់រួចមក។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១១ កុម្ភៈ ថាៈ ផ្ទៃដីស្រែដែលអាចបង្ក បង្កើនផលស្រូវប្រាំងបាន នៅ ក្នុងខេត្តឧត្តរមានជ័យ មានរហូតដល់ប្រមាណជា ៧.០០០ ហិកតា តែជាក់ស្តែង ប្រជាពលរដ្ឋ ធ្វើបានតែជិត ២០០ ហិកតាទេ។ ផែនការដែលខេត្ត បានដាក់ចេញ បានចំនួនតែ ១៤០ ហិកតា ប៉ុណ្ណោះ។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ មូលហេតុដែលប្រជាពលរដ្ឋ នៅក្នុងខេត្ត ឧត្តរមាន ជ័យ មិននិយមធ្វើស្រូវប្រាំង ដោយសារគេខ្លាច ខូចគុណភាពដី និងម្យ៉ាងទិន្នផលស្រូវ ប្រាំង នៅក្នុងខេត្តនេះ មួយហិកតា បានផលតែជាងបីតោន មិនមែនពី ៥ ទៅ ៦ តោន ដូចនៅខាងខេត្តបន្ទាយមានជ័យនោះទេ។ គុណភាព ដីស្រែ នៅក្នុងខេត្តឧត្តរមានជ័យ មានជាតិអា ស៊ីតខ្ពស់ ធ្វើឱ្យដំណាំស្រូវប្រាំង ដែលមានអាយុកាលខ្លី បានផលមិនច្រើន ដូចស្រូវវស្សា តែសមប្រកបជាមួយ នឹងដំណាំ រយៈពេលខ្លី ដែលត្រុវការទឹកតិចនោះជាង។
ទោះជាយ៉ាងណា លោក ញឺន កួន បានបញ្ជាក់ថាៈ ពីមុន ការធ្វើស្រូវប្រាំង នៅក្រោមអាង ទឹក ដែលមានប្រព័ន្ធស្រោចស្រព ហូរចូលដល់ស្រែ ធ្វើបានតែប្រហែល១០០ ហិកតាទេ តែនៅក្នុងរយៈពេលចុងក្រោយនេះ មានការកើនឡើង ដល់ ២០០ ហិកតា ដោយសារ អ្នកចំណូលថ្មី បានជួលដី ពីប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រាប់ធ្វើស្រូវប្រាំង អ្នកខ្លះ ក៏បាន ប្រមូលទិញ យកដីស្រែ ដែលអាចធ្វើស្រូវបាន ពីពីរទៅបីដង ក្នុងមួយឆ្នាំ។
លោក ញឺន កួន បាននិយាយឱ្យដឹងទៀតថាៈ អ្នកជួលដីស្រែគេ ធ្វើស្រូវប្រាំង មានការថែ ទាំល្អ បានផលច្រើនជាងស្រូវ ធ្វើដោយប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលគ្មានការថែទាំ។ ផ្ទៃដីដែលអាចធ្វើស្រូវប្រាំងបាន នៅក្រោមអាងទឹក មានចំនួនរហូតដល់ប្រមាណជា ៧.០០០ ហិកតា ដោយមានប្រព័ន្ធទឹក បើកបង្ហូរចូលដល់ក្នុងស្រែតែម្តង និងបើនិយាយ ពីបញ្ហាទឹក សម្រាប់ស្រោច ស្រពវិញ គឺមិនខ្វះទេ ទាំងប្រាំង និងវស្សា។
ផ្ទៃដីបង្កបង្កើនផលស្រូវ កាលពីក្នុងឆ្នាំ២០០០ ពេលខេត្តបង្កើតដំបូង លោក ញឺន កួន បាននិយាយថា មានតែជាងពីរម៉ឺនហិកតាទេ សព្វថ្ងៃ មានរហូតដល់ ប្រមាណជា ១០ ម៉ឺនហិកតា និងមានលទ្ធភាពទឹក សម្រាប់ស្រោចស្រពបាន ៥៤ ភាគរយ។
អាងទឹកតូចធំ នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួន ៩៣ អាង ដែលអាចរក្សា ទឹកទុកបាន ៧០០ លានម៉ែត្រគូប ក្នុងនេះ ចំនួន ៥០០ លានម៉ែត្រគូប បានញ្ជូនទៅស្រោចស្រពការ ដាំដុះដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕/V-PC