ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង “កម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” ទីក្រុងសេអ៊ូល, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា៖ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀតដែលសាកសម​​ នឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំម្នាក់ឯងនោះទេហើយក៏មាន មនុស្សជាច្រើនរូបផ្សេងទៀតដែលសាកសម​​នឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំនៅ ក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា» ។

ក្នុងការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២​​ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់មជ្ឈដ្ឋាន៤ ទី១,ខ្ញុំសូមសម្តែងនូវ ការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ, ព្រះវររាជមាតានិងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្នដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជាក្នុងឋានៈជាមហាគ្រួសារតែមួយ ។ ទី២,ខ្ញុំសូមថ្លែងអំណរ គុណដល់ក្រុមគ្រួសាររបស់ខ្ញុំចំពោះការស្រឡាញ់និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ។ ទី៣, មេដឹកនាំនិងសមាជិករបស់រាជរដ្ឋាភិបាល កម្ពុជាផ្សេងទៀតព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងនិងលើកកម្ពស់សន្តិភាព។ ទី៤, បណ្តាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិនានាដែលបានផ្ដល់ជំនួយនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជានិងការកសាងប្រទេសឡើងវិញក្រោយ សង្គ្រាម។ ជាចុងក្រោយអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំដែលតែងតែបានគាំទ្រនិងសាទរចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន ផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា ៕