ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា៖សម្រាប់សម្តេចសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ។ សន្តិភាពគឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹមនិងស្នាមញញឹមដល់មនុស្សគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុង“កម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២”ទីក្រុងសេអ៊ូល,ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសាន៍ថា៖«សម្រាប់ខ្ញុំ,សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិ ភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាកនិងការឈឺចាប់ដែលបង្កដោយសង្គ្រាមប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ ។ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សាឬភ្លើងសង្គ្រាមទើបដឹងថាសន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ»។

ឆ្លៀតឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដែលបានរីកធំធាត់និងចំរើនវឌ្ឍនាកាដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជា ច្រើនទសវត្សរ៍នៅកម្ពុជា ។

សម្តេចតេជោបានថ្លែងថា៖«ខ្ញុំត្រូវបង្ខំចិត្តឈប់រៀននៅក្នុងឆ្នាំ១៩៧០នៅពេលដែលប្រទេសរបស់ខ្ញុំបាននិងកំពុងបែកបាក់យ៉ាងខ្លាំងហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាង សន្ធោសន្ធៅ។ ជីវិតកុមារភាពនិងវ័យជំទង់របស់ខ្ញុំដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។ នាពេលនោះ,ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្ញុំនិងអនាគតរបស់ប្រទេសខ្ញុំ។ ចាប់ពីពេលនោះមក, ខ្ញុំបានលះបង់ជីវិតដើម្បី ស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាក សព្វយ៉ាងរួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។

សម្តេចតេជោបានឲ្យដឹងទៀតថា៖«ជាក់ស្តែង, ខ្ញុំបានរងរបួសនិងបានបាត់បង់ភ្នែកម្ខាង។ ខ្ញុំត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ប្រទេសវៀតណាមទាំងកណ្ដាល យប់អាធ្រាតដោយត្រូវដើរឆ្លងកាត់ចំការមីននិងឆ្លងកាត់ព្រំដែនដែលមានកងទ័ពជាច្រើន ។ ជាងនេះទៅទៀត,ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្ដោចកណ្ដែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា ។ ក្រោយមកទៀតនៅឆ្នាំ១៩៩៦, ខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំម្តងទៀតដោយបានទៅចរចាដោយផ្ទាល់និងបញ្ចុះបញ្ចូល កងកំលាំងខ្មែរក្រហមនៅឯមូលដ្ឋានយោធារបស់ពួកគេឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិត, សិទ្ធិកាន់កាប់អចលនទ្រព្យឋានៈ និងមុខរបររបស់ពួកគេ»។

គោលនយោបាយ ឈ្នះ-ឈ្នះនេះបានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ។ គោលនយោបាយឈ្នះ-ឈ្នះនេះក៏បានអនុញ្ញាតផង ដែរឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការអភិវឌ្ឍជាតិខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍និងកាលានុវត្តភាពនានាពីសន្តិ ភាពនិងការអភិវឌ្ឍកម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ ។

ជាមួយគ្នានេះយើងប្តេជ្ញាចិត្តថានឹងបន្តការពារនិងលើកស្ទួយសន្តិភាពបន្ថែមទៀត។តាមរយៈបទពិសោធន៍របស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមនិងការកសាងសន្តិភាព ,សម្តេចបានសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម ។ គ្មានសន្តិភាពគ្មានការអភិវឌ្ឍ។គ្មានសន្តិភាពគ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ» ។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាពគឺជាសកម្ម ភាពជាក់ស្ដែង មិនមែនជាក្តីសុបិន ដែលស្រពេចស្រពិលនោះទេ» ។ នេះជាមូលហេតុដែលរដ្ឋាភិបាលរបស់សម្តេចបានយកសន្តិភាពជាអាទិភាពខ្ពស់ដោយបានបញ្ជូ នកងទ័ពកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និង បោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកៈ និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាច ចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ​ ។ ជាងនេះទៅទៀត, ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយក៏កម្ពុជាបានចូលរួមចំណែកដល់ ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ, ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា៖សន្តិភាពនៅក្នុងតំបន់និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយនិងស្ថិតក្រោមភាពតាន តឹងដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច,ការកើនឡើងនៃគំនិតជាតិនិយម, អំពើភេរវកម្ម, ភាពក្រីក្រនិងអសន្តិសុខស្បៀងដែលបង្ក ឡើងដោយការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាតកូវីដ-១៩ ។ បញ្ហាទាំងនេះអាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្សនិងជាតិសាសន៍ទាំងមូលបានប្រសិនបើ យើងមិនរួមគ្នាដោះស្រាយ។ក្នុងន័យនេះ,យើងត្រូវបង្កើននិងធ្វើពិពិធកម្មកិច្ចសហការនិងភាពជាដៃគូរបស់យើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានាដែលបណ្តា លមកពីការគំរាមកំហែងទាំងនោះព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឱ្យកាន់តែរឹងមាំ។ ការលើកកម្ពស់សន្តិភាពគឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺដូចពាក្យស្លោករបស់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើងដោយសង្ខេបថា«អភិវឌ្ឍពិភពលោកឱ្យកាន់តែ ស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ» ៕