ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO)បាននិយាយកាលពីថ្ងៃសុក្រ ទី ១១ ខែកុម្ភៈថា ដំណាក់កាលស្រួចស្រាល់នៃជំងឺរាតត្បាតអាចនឹងបញ្ចប់នៅឆ្នាំនេះ ប្រសិនបើមនុស្សប្រហែល ៧០ ភាគរយនៅលើពិភពលោកបានចាក់វ៉ាក់សាំង។
លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសអាហ្វ្រិកខាងត្បូងថា “ការរំពឹងទុករបស់យើងគឺថាដំណាក់កាលស្រួចស្រាល់នៃជំងឺរាតត្បាតនេះនឹងបញ្ចប់នៅឆ្នាំនេះ ពិតណាស់ជាមួយនឹងលក្ខខណ្ឌមួយ គឺការចាក់វ៉ាក់សាំង ៧០ ភាគរយ (គោលដៅត្រូវសម្រេចបាន) នៅពាក់កណ្តាលឆ្នាំនេះ ប្រហែលខែមិថុនា ខែកក្កដា”។
“ប្រសិនបើរឿងនេះសម្រេចបាន នោះដំណាក់កាលស្រួចស្រាល់ពិតជាអាចបញ្ចប់បាន ហើយនោះជាអ្វីដែលយើងកំពុងរំពឹងទុក។ វាស្ថិតនៅក្នុងដៃរបស់យើងហើយ។ វាមិនមែនជាបញ្ហានៃឱកាសនោះទេ។ វាជាបញ្ហានៃជម្រើស”។
លោកបាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Afrigen Biologics and Vaccines ដែលផលិតវ៉ាក់សាំងកូវីដ១៩ mRNA ដំបូងបង្អស់នៅទ្វីបអាហ្វ្រិកដោយប្រើសេខ្វិន (Sequence) របស់ក្រុមហ៊ុន Moderna ។
ប្រធាន WHO បាននិយាយថា “យើងរំពឹងវ៉ាក់សាំងនេះនឹងកាន់តែសមស្របទៅនឹងបរិបទ ដែលវាត្រូវបានប្រើប្រាស់ ព្រោះពុំសូវមានបញ្ហាក្នុងការស្តុកទុកនិងមានតម្លៃទាប”។
វ៉ាក់សាំងនេះនឹងត្រៀមរួចរាល់សម្រាប់ការសាកល្បងព្យាបាលនៅខែវិច្ឆិកា ជាមួយការអនុម័តឱ្យប្រើប្រាស់រំពឹងធ្វើឡើងនៅឆ្នាំ ២០២៤។
ក្រុមហ៊ុន Afrigen កំពុងដឹកនាំគម្រោងសាកល្បងវ៉ាក់សាំង ដែលគាំទ្រដោយ WHO និងគំនិតផ្តួចផ្តើម Covax ។
ជនជាតិអាហ្វ្រិកតែ ១១ ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំង ដែលជាអត្រាទាបបំផុតនៅក្នុងពិភពលោក។
កាលពីសប្តាហ៍មុន ការិយាល័យ WHO ប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា ទ្វីបនេះត្រូវតែបង្កើនអត្រានៃការចាក់វ៉ាក់សាំងរបស់ខ្លួន “ប្រាំមួយដង” ដើម្បីឈានដល់គោលដៅ ៧០ ភាគរយ៕
ជនជាតិអាហ្វ្រិកតែ ១១ ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំង ដែលជាអត្រាទាបបំផុតនៅក្នុងពិភពលោក