ប្រែសម្រួល : (ស្ត្រេតថែមស៍) ៖ ប្រភពពីរនៅក្នុងក្រុមរបស់លោកម៉ាក្រុងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុងបានបដិសេធសំណើរបស់វិមានក្រឹមឡាំងឱ្យលោកធ្វើតេស្តិ៍រកកូវីដ១៩នៅប្រទេសរុស្ស៊ី នៅពេលលោកបានមកដល់ដើម្បីជួបប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនក្នុងសប្តាហ៍នេះដើម្បីកុំឱ្យរុស្ស៊ីទទួលបាន DNAរបស់លោកម៉ាក្រុង។
ជាលទ្ធផល ប្រមុខរដ្ឋបារាំងដែលបំពេញទស្សនកិច្ចរូបនេះត្រូវបានដាក់ឱ្យអង្គុយឆ្ងាយពីមេដឹកនាំរុស្ស៊ី ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏យូរស្តីពីវិបត្តិអ៊ុយក្រែននៅទីក្រុងមូស្គូ។
ក្រុមអ្នកសង្កេតការណ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពរបស់មេដឹកនាំទាំងពីរអង្គុយទល់មុខគ្នានៅតុប្រវែង ៤ ម៉ែត្រកាលពីថ្ងៃចន្ទក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេដោយមានអ្នកការទូតខ្លះនិងអ្នកផ្សេងទៀតលើកឡើងថា លោកពូទីនប្រហែលជាចង់ផ្ញើសារការទូតអ្វីមួយហើយ។
ប៉ុន្តែប្រភពពីរដែលដឹងអំពីពិធីសារសុខភាពរបស់លោកម៉ាក្រុងបានប្រាប់រ៉យទ័រថា គាត់ត្រូវបានផ្តល់ជម្រើសមួយ គឺ ទទួលយកការធ្វើតេស្តិ៍ PCR ដែលធ្វើឡើងដោយអាជ្ញាធររុស្ស៊ីហើយត្រូវបានអនុញ្ញាតឱ្យចូលទៅជិតលោកពូទីន ឬ បដិសេធការធ្វើតេស្តិ៍ហើយត្រូវគោរពតាមការរក្សាគម្លាតសង្គមដ៏តឹងរ៉ឹង។
ប្រភពមួយបានប្រាប់រ៉យទ័រថា “យើងដឹងយ៉ាងច្បាស់ថានោះគឺមានន័យថាគ្មានការចាប់ដៃនិងត្រូវអង្គុយនៅតុដ៏វែងនោះ។ ប៉ុន្តែយើងមិនអាចទទួលយកបានទេដែលពួកគេទទួលបាន DNA របស់ប្រធានាធិបតី” ដោយសំដៅទៅលើការព្រួយបារម្ភអំពីសន្តិសុខឯកជន ប្រសិនបើមេដឹកនាំបារាំងត្រូវបានធ្វើតេស្តិ៍ដោយវេជ្ជបណ្ឌិតរុស្ស៊ី។
វិមានក្រឹមឡាំងបានបញ្ជាក់កាលពីថ្ងៃសុក្រទី១១ កុម្ភៈថា លោកម៉ាក្រុងត្រូវបានដាក់ឱ្យនៅរក្សាគម្លាតឆ្ងាយពីលោកពូទីន។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)បាននិយាយថាគេអាចយល់បានពីជំហររបស់បារាំងហើយនោះបាននាំឱ្យមានតម្រូវការក្នុងការការពារលោកពូទីននៅក្នុងកិច្ចប្រជុំ ដែលមេដឹកនាំទាំងពីរត្រូវតែអង្គុយទល់មុខគ្នានៅចុងតុអ៊ីចឹងហើយ៕
លោកពូទីននិងលោកម៉ាក្រុងអង្គុយនៅចុងតុប្រវែង៤ម៉ែត្រព្រោះបារម្ភឆ្លងកូវីដ