ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ប្រដាល់គុនខ្មែរ នឹងរឿបចំការប្រកួតជើងឯកជាតិ ឆ្នាំ២០២១ របស់ខ្លួន ពីថ្ងៃទី១៤ ដល់ ១៨ កុម្ភៈហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់ គុនខ្មែរ បានបើកកិច្ចប្រជុំជាមួយ មន្ត្រីបច្ចេកទេសរបស់ខ្លួន ជិត ១០០ នាក់ ដើម្បីព្រឹត្តិការណ៍ ប្រចាំឆ្នាំនេះ ។
លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថាៈ ការប្រកួត ជើងឯក ឆ្នាំនេះ សហព័ន្ធ នឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោល ការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣០ ទៅដល់ ៤០ នាក់ ដើម្បីពង្រឹងសមត្ថភាព មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡា ប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
មន្ត្រីបច្ចេកទេសអាជ្ញាកណ្តាល ចៅក្រមកីឡា ប្រដាល់គុនខ្មែរ ត្រូវតែមាន សមត្ថភាព ច្បាស់លាស់ ពីព្រោះ ក្នុងឆ្នាំ២០២១ សហព័ន្ធ ត្រូវរៀបចំព្រឹត្តិ ការណ៍ធំៗ ចំនួន៣ គឺព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសថ្នាក់ជាតិ ២០២១ ព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសថ្នាក់ជាតិ ២០២២ និងព្រឹត្តិការណ៍ការប្រកួត កីឡាជាតិ លើកទី៣ នៅប្រទេសកម្ពុជា។
ចៅក្រម ត្រូវតែផ្ដល់ពិន្ទុ ដោយយុត្តិធម៌ ចំពោះអាជ្ញាកណ្ដាល ដែលជាអ្នក ដឹកនាំការប្រកួត លើសង្វៀន ក៏ត្រូវតែមានភាពច្បាស់លាស់ គឺមិនត្រូវប្រកាន់ថា កីឡាកររូបណា ជាគ្នីគ្នា របស់ខ្លួន ហើយមិនបង្កឲ្យមានការលម្អៀង ក្នុងការ បំពេញភារកិច្ចនោះឡើយ។ សហព័ន្ធ នឹងដាក់ពិន័យ ចំពោះអាជ្ញាកណ្ដាល ចៅក្រមរូបណា ដែលបំពេញការងារ ដោយគ្មាន ភាពស្មោះត្រង់ ៕/V-PC