​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​គៀវ នៅ​ពេល​ពួក​មន្ត្រី​ស៊ើបការណ៍​លោកខាងលិច​ព្រមាន​អំពី​ការ​វាយ​ចូល​របស់​ទាហាន​រុស្ស៊ី​​ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នក្នុងពេល​ឆាប់ៗ​បំផុត​។​

​ពួក​មន្ត្រី​អាម៉េរិក​បាន​និយាយថា ក្រសួងការបរទេស​មា​ន​ផែនការ​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​១២​កុម្ភៈ​ថា បុគ្គលិក​អាម៉េរិក​ទាំងអស់​នៅ​ស្ថានទូត​នៅ​ទីក្រុង​គៀវ នឹង​តំរូវ​អោយ​ចាក​ចេញ​នៅ​មុន​ការចូល​ឈ្លាន​​ពាន​របស់​រុស្ស៊ី​ដែល​ត្រូវ​គេ​រំពឹង​ទុក​ណាមួយ​។​

​អាច​រក្សា​ទុក​មន្ត្រី​មួយចំនួន​តូច​នៅ​ទីក្រុង​គៀវ តែ​ភាគច្រើន​នៃ​ជនជាតិ​អាម៉េរិក​ជិត​២០០​នាក់​នៅ​ស្ថានទូត​នេះ​នឹង​ត្រូវ​បញ្ជូន​ចេញ ឬ​រើ​ទៅ​ចុង​ខាងលិច​ប្រទេស​ក្បែរ​ព្រំដែន​ប៉ូឡូញ ដើម្បី​អោយ​អាម៉េរិក​​នៅ​អាច​រក្សា​ទំនាក់ទំនង​នៅក្នុង​ប្រទេស​នេះ​។​

​ក្រសួងការបរទេស​មុននេះ​បាន​បញ្ជា​អោយ​គ្រួសារ​បុគ្គលិក​ទូត​អាម៉េរិក​នៅ​ទីក្រុង​គៀវ​ចាកចេញ ។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​ទាហាន​ប្រយុទ្ធ​៣.០០០​នាក់​ទៀត​ទៅ​កាន់​ប៉ូឡូញ ដោយ​ចូលរួម​ជាមួយ​ទាហាន​១.៧០០​នាក់​ដែល​បាន​ប្រមូលផ្តុំ​នៅ​ទីនោះ​ស្រាប់​​ដើម្បី​ជា​ការបង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​សម្ពន្ធមិត្ត​ណា​តូ ។​

​បេសកកម្ម​របស់​គេ​គឺ​ជួយ​ហ្វឹកហាត់​និង​ផ្តល់​ការរារាំង​សត្រូវ តែ​មិន​ចូល​ពាក់ព័ន្ធ​ក្នុង​ការប្រយុទ្ធ​ដោយ​ផ្ទាល់​នៅ​អ៊ុយ​ក្រែនទេ​។​

​ចំ​ពេល​ប្រុង​ជម្លៀស​បុគ្គលិក​ទូត​ចេញពី​ទីក្រុង​គៀវ អាម៉េរិក​បញ្ជូន​ទាហាន​ប្រយុទ្ធ​ពិសេស​៣.០០០​នាក់​ទៅ​កាន់​ប៉ូឡូញ​

​ក្រៅពី​អាម៉េរិក អង់គ្លេស អ៊ីស្រាអែល ជប៉ុន ឡា​ត​វី ន័រ​វេស្ស ហូ​ឡង់ អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​ក៏បានអំពាវនាវ​អោយ​ពលរដ្ឋ​របស់​គេ​ចេញពី​អ៊ុយ​ក្រែន​ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា រុស្ស៊ី​បាន​និយាយថា ពួក​ប្រទេស​លោកខាងលិច​ក្រោម​ជំនួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ស្តីពី​ផែនការ​ឈ្លាន​របស់​រុស្ស៊ី​ចូល​អ៊ុ​យក្រែន ក្នុង​គោលបំណង​​ទាញ​ការចាប់អារម្មណ៍​ចេញ​ពី​អំពើ​ឈ្លានពាន​របស់​ពួកគេ​ផ្ទាល់​។​

​ប្រធានាធិបតី​អាម៉េរិក​បាន​ប្រាប់​សារព័ត៌មាន NBC News​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្វីៗ​នៅ​អ៊ុយ​ក្រែន​អាច​ប្រែប្រួល​ទៅ​ជា​អាក្រក់​ភ្លាមៗ​និង​អំពាវនាវ​អោយ​ពលរដ្ឋ​អាម៉េរិក​ចាកចេញ​ពី​ប្រទេស​នេះ​​និង​កាលពី​ថ្ងៃ​សុក្រ​បាន​ទូរស័ព្ទ​ទៅ​មេដឹកនាំ​អង់គ្លេស កាណាដា បារាំង អាឡឺម៉ង់ ប៉ូឡូញ និង​រ៉ូ​ម៉ានី ព្រមទាំង​ប្រមុខ​អង្គការ​ណា​តូ​និង​សហភាព​អឺរ៉ុប​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​បាន​បន្ទរ​សម្លេង​បន្ថែម​ដោយ​ប្រាប់​ពលរដ្ឋ​អាម៉េរិក​អោយ​ចាកចេញ​ពី​អ៊ុយ​ក្រែន​ដោយសារ​ការ​ចូល​ឈ្លានពាន​អាច​កើន​មាន​ឆាប់ៗ​ អាច​ក្នុងអំឡុង​ការប្រកួត​អូ​ឡាំង​ពិ​ច​រដូវរងារ​ក្រុង​ប៉េកាំង​នាពេល​បច្ចុប្បន្ន​៕

ទាហានរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមជាមួយបេឡារូសនៅក្បែរព្រំដែនអ៊ុយក្រែន

អាម៉េរិកបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន១៣០តោនទៀតនៅសប្តាហ៍នេះដើម្បីអោយអ៊ុយក្រែនត្រៀមស្វាគមន៍រថក្រោះរុស្ស៊ី