ដោយៈ គង់ហេង/ កំពង់ចាមៈ ការផ្តល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ កន្លងមក របស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការផ្តល់កំណើតទី៣។ នេះជាការថ្លែងជាសាធារណៈរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានា ដែលជាសុទ្ធាជ្រះថ្លារបស់សប្បុរសជនក្នុងនិងក្រៅ ប្រទេសវត្តឥសី ប្រាំបី ទិសស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ដែលមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ១២ កុម្ភៈនេះ លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាៈកំណើតរបស់ ប្រជាពលរដ្ឋកម្ពុជាមាន បីៈ កំណើតកើតចេញពីផ្ទៃម្តាយ,កំណើតចេញពីថ្ងៃរំដោះ ៧មករា ១៩៧៩ និងកំណើតការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលជាការខិតខំចលនា អូសទាញ កៀរគរ និងទិញវ៉ាក់សាំងរបស់សម្តេចតេជោ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស នូវដូសមូលដ្ឋាន និងដូសជំរុញ។
លោក អ៊ុន ចាន់ដា បានរំលឹកដល់អ្នកចូលរួមក្នុងពិធីនេះថា មានតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទេ ដែលជាដំណោះស្រាយល្អបំផុត ដែលអាចជួយជីវិតយើងមិនឱ្យស្លាប់។ ដោយឡែក ឆ្លើយនឹងសំណួរថា អ្នកចាក់វ៉ាក់សាំងហើយស្លាប់? គឺអ្នកនោះគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃប្រចាំកាយ មិនមែនស្លាប់ដោយជំងឺកូវីដ ១៩ទេ។ ប៉ុន្តែភាគរយខ្ពស់បំផុតអ្នកដែលបានចាក់វ៉ាក់សាំងហើយ មិនស្លាប់ បើឈឺ ឆ្លង ដោយជំងឺកូវីដ ១៩មែន គ្រូពេទ្យប្រាប់ពីវិធីព្យា ថែទាំ ព្យាបាលសុខភាពរយៈពេល ប្រាំបួន ថ្ងៃក្រោយនឹងជាសះស្បើយ។
លោកបានបន្ថែមថា ផ្ទុយពីអ្នកមិនបានចាក់វ៉ាក់សាំង គឺអត្រាស្លាប់ ខ្ពស់ណាស់ នៃជំងឺកូវីដ ១៩ ។ ដូច្នេះសូមអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញនោះ សូមទៅចាក់មិនអស់លុយទេ គឺសម្តេចតេជោចេញលុយឱ្យទាំងអស់៕សរន-PC