ដោយៈមុនីរ័ត្ន/ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អនឡាញជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឯម សូផាត សមាជិក គ.ជ.ប. និងជាប្រធានដឹកនាំកិច្ចប្រជុំ។
រូបថតៈលោក ឯម សូផាត សមាជិក គ.ជ.ប.
លោក ឯម សូផាត បានមានប្រសាសន៍ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ត្រូវបានផ្តល់ សុពលភាព និងប្រកាសផ្សាយជូនប្រជាពលរដ្ឋជាសាធារណៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា បញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានផលិត និង បញ្ជូនទៅឱ្យគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសាលាឃុំ សង្កាត់ សម្រាប់រក្សាទុក និង ប្រើប្រាស់ជាផ្លូវការនៅ៖
– លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (ជា PDF File) ចំនួន ១ ច្បាប់
– គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចំនួន ១ ច្បាប់
– គណៈកម្មការការិយាល័យបោះឆ្នោត ចំនួន ២ ច្បាប់
– សាលាឃុំ សង្កាត់ ចំនួន ១ ច្បាប់
– ជាមួយគ្នានេះបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ក៏បានបង្ហោះ និងរក្សាទុក នៅក្នុងគេហទំព័រ គ.ជ.ប voterlist.nec.gov.kh (http://www.voterlist.nec.gov.kh/) និងកម្មវិធីលើទូរស័ព្ទដៃ (App) NEC KHផងដែរ។
តាមតួលេខ ដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គឺ៖
– អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩.២០៥.៦៨១ (ប្រាំបួនលានពីររយប្រាំពាន់ប្រាំមួយរយប៉ែតសិបមួយនាក់) ស្មើនឹង ៨៧,៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងនោះមានស្ត្រីចំនួន ៤.៩០៤.៨៣២ (បួនលានប្រាំបួនរយបួនពាន់ប្រាំបីរយសាមសិបពីរនាក់)
– ចំនួនការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣.៦០២ ការិយាល័យ ចំណុះឱ្យឃុំ សង្កាត់ ចំនួន ១.៦៥២ ការិយាល័យ នៃរាជធានី ខេត្ត ទាំង ២៥។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំ បានថ្លែងអំណរគុណ និងកោតសរសើរដល់ គ.ជ.ប. ដែលបានបំពេញភារកិច្ចបានយ៉ាងល្អក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ កន្លងមក និងសរសើរដល់កម្មវិធីបច្ចេកវិទ្យាព័ត៌មានថ្មីដែល គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ។
ឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ចំពោះគណបក្សនយោបាយដែលចង់បានបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណបក្សនយោបាយអាចជាវដោយបង់ត្រឹមតម្លៃផលិតប៉ុណ្ណោះ។ រីឯចំនួនជនពិការភាពដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានចំនួន ២៣.៥៩១ (ម្ភៃបីពាន់ប្រាំរយកៅសិបមួយនាក់)។
កិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូអនឡាញ បានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក និងមានអ្នកចូលរួមប្រមាណ ៥៦នាក់ ដែលមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន ១៦ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ អង្គការ តំណាងស្ថានទូតជប៉ុនភ្នាក់ងារចៃកា( JICA) ក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានអ្នកសារព័ត៌មានជាច្រើនចូលរួមផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានចេញសេចក្ដីសម្រេចស្ដីពីការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧,៩៤ភាគរយ ក្នុងនោះស្រីចំនួន ៤.៩០៤.៨៣២នាក់ និងការិយាល័យសរុបចំនួន ២៣.៦០២ ការិយាល័យ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប. ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់រសមីកម្ពជានៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងដំណើរការទាំងមូលដែលអនុវត្តទៅតាមច្បាប់ជាធរមាន ក្នុងនោះការរៀបចំបញ្ជីបោះឆ្នោត គឺបានបញ្ចប់ នឹងបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យគ.ជ.ប.បានបញ្ជាក់ថា ការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧,៩៤ភាគរយ ធៀបទៅនិងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង៕សរន