ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងទៅកាន់សមាជិក សមាជិកា របស់គណៈកម្មាធិការ គណបក្សខេត្តព្រៃវែងថា ត្រូវខិតខំ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមិនប្រកាន់និន្នាការ នយោបាយ ធ្វើអំពើល្អ ដោយការមិន រំលោភអំណាច មិនបំពានសិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋ និងត្រូវពង្រឹង គុណភាព សមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មី បន្ថែម និងត្រូវរួមគ្នា ប្រមូលបញ្ហាប្រឈម នៅមូលដ្ឋានមកដោះស្រាយ ដោយគ្មានការ លាក់លៀម។
ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុប សកម្មភាពការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ គណៈកម្មាធិការ គណបក្សខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ អំពីការបន្តប្រព្រឹត្តទៅ នៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ សារៈសំខាន់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។ សម្ដេចបានបន្តស្នើ ឱ្យអាជ្ញាធរ បង្កើនការយកចិត្តទុក បញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាល ត្រូវជួយទប់ស្កាត់ក្រុមគ្រួសារ កុំឱ្យជាប់ពាក់ព័ន្ធនឹង គ្រឿងញៀន។
សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ ផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សខេត្តព្រៃវែង បន្តខិតខំរួមគ្នាយកចិត្តទុកដាក់ បំពេញភារកិច្ច ទៅតាមផែនការ និងប្រតិទិន នៃការបោះឆ្នោត រួមទាំងការរៀបចំ ភ្នាក់ងារ គណបក្ស អ្នកសង្កេតការណ៍ បោះឆ្នោត។ សម្ដេចក៏បានណែនាំឱ្យបន្តចូលរួម ផ្សព្វផ្សាយស្មារតី នៃកិច្ចប្រជុំ នាថ្ងៃនេះ ដល់សមាជិក សមាជិកា នៅតាម មូលដ្ឋាន ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាៈ ទោះបីជានៅឆ្នាំ២០២១ មានការបន្ត ប្រឈមុខខ្ពស់នឹងជំងឺឆ្លងកូវីដ-១៩ ក៏កម្ពុជា នៅតែអាចបន្តរក្សាបាន សុខសន្តិភាព និងស្ថិរភាពជាតិ បង្កលក្ខណៈ សម្រាប់ការរៀបចំព្រឹត្តិការណ៍ ធំៗជាច្រើន ក្នុងនោះ ក៏រួមទាំងការត្រៀមរៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ ។
សម្ដេចក៏បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មាធិការ គណបក្ស ខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចជាច្រើន សម្រាប់ការត្រៀមខ្លួន ចូលរួម ប្រកួតប្រជែង ការបោះឆ្នោត ខាងមុខ រួមទាំងការរៀបចំបញ្ជីបេក្ខជន ឈរឈ្មោះ៕/V-PC