ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក ស៊ិញ ឈិញ ប្រធានគណៈកម្មការ ទ្រទ្រង់ វិទ្យាល័យភ្នំស្រុក លោកស្រី ស៊ិញ យឹកឃួយ នាយិកាក្រុមហ៊ុន ម៉ូតូហុងដា ស៊ិញ ឈិញ ប្រចាំស្រុកភ្នំស្រុក លោក ស៊ិញ វុទ្ធី អ្នកជំនួញវ័យក្មេង នៅសហរដ្ឋអាមេរិក និងជា អតីតសិស្ស វិទ្យាល័យភ្នំស្រុក បានផ្តល់អំណោយ ម៉ូតូពីរគ្រឿង សម្រាប់សិស្សជាប់និទ្ទេស A ចំនួន ពីរនាក់ នៃសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កុំព្យូទ័រ ពីរគ្រឿង និងថវិកា ៣០០ ដុល្លារ ក្នុងមួយនាក់ សម្រាប់សិស្សជាប់និទ្ទេស B ចំនួនពីរនាក់ ។
ដោយឡែក លោក និងលោកស្រី ក៏បានផ្ដល់ថវិកា ជូនគណៈគ្រប់គ្រងសាលា និងបុគ្គលិក ការិយាល័យ ចំនួន ប្រាំមួយនាក់ ក្នុងមួយនាក់ ទទួលបាន ៥០ ដុល្លារអាម៉េរិក។
ចំណែកលោកគ្រូ ឡាយ សៀត ដែលជាសប្បុរសជនម្នាក់ បានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ដល់សិស្សនិទ្ទេស A ចំនួន ១០០ ដុល្លារ ក្នុងមួយនាក់។
នេះបើតាមគណៈគ្រប់គ្រង វិទ្យាល័យភ្នំស្រុក បានអោយដឹង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។
សូមរំលឹកថា លទ្ធផលប្រឡងបាក់ឌុបសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២១ ជាប់ ៦៣% ក្នុងនោះ បាននិទ្ទេស A ចំនួន ៩៩ នាក់ (ស្រី៧០នាក់) ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនោះ មាន ៧ មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៣ មណ្លល ថ្នាក់វិទ្យាសាស្ត្រសង្គម ៤ មណ្ឌល ស្មើនឹង ១៩៩ បន្ទប់ ។
បេក្ខជនក្នុងបញ្ជី ចំនួន ៤.៩៤៧ នាក់ (ស្រី ២.៦៣៦ នាក់) បេក្ខជនមកប្រឡង ចំនួន ៤.៧១៤នាក់ (ស្រី ២.៥៤៤ នាក់) ក្នុងនោះ បេក្ខជនប្រឡងជាប់ (ចំណេះទូទៅ ស្វៃរិន និងបំពេញវិជ្ជា) ចំនួន ២.៩៤៤ នាក់ (ស្រី១.៧៦១នាក់) គិតជាភាគរយ សរុប ៦២,៤៥% ។
លទ្ធផលនេះ បង្ហាញថា និទ្ទេស A ចំនួន៩៩នាក់ (ចំណេះទូទៅ) / ស្រី៧០នាក់ ។
និទ្ទេស B ២៥៧នាក់ / ស្រី១៧៧នាក់ ។ C ចំនួន៥៣៩នាក់ /ស្រី៣១៩នាក់ ។ D ចំនួន ៩៣៥នាក់ / ៥៦១នាក់ និង E ចំនួន ១.១១៤នាក់ / ស្រី ៦៣៤ នាក់ ។ ចំពោះ និទ្ទេសA នាឆ្នាំនេះ បានកើនឡើងខ្ពស់ ដល់ ៩៩ នាក់។ បើប្រើប្រៀប ធៀប នឹងឆ្នាំសិក្សា ២០១៨-១៩ មានតែចំនួន ២៥ នាក់ ៕/V-PC