​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ គឺ​រារាំង​មិនឱ្យ​អ្នក នយោបាយ អគតិ​ណាមួយ មានឱកាស​មក​បំផ្លាញ សុខសន្តិភាព​នេះ និង​បង្ក​ឲ្យ​មាន​ភ្លើងសង្គ្រាម ឡើងវិញ ជាដាច់ខាត​។ ហើយ​សូម​ឲ្យ​កងទ័ព បន្ត​ចូលរួម​ថែរក្សា សុខសន្តិភាព ឲ្យ​បាន​ឋិត​ឋេ​រ គង់វង្ស​យូរអង្វែង​។​

​នេះ​ជាការ​បញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ ប្រាស់ អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ អគារ​សាលប្រជុំ អគារ​កងអនុសេនាតូច​ព្រំដែន និង​សមិទ្ធផល​នានា របស់​តំបន់​ប្រតិបត្តិការ សឹក​រង​តាកែវ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តថាៈ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ បណ្ឌិត តែងតែ​ក្រើនរំលឹក និង​ជំរុញ​ជាប់​ជាប្រចាំ ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក គ្រប់​កម្រិត យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅ របស់​អ៊ុំ​ពូ​មីង​អតីតយុទ្ធជន ដោយ​សម្តេច​ទាំងពីរ បានធ្វើការ​កៀរគរ​សប្បុរសជន និង​បង្កើតឱ្យមាន​យន្តការ​ឧបត្ថម្ភ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ពួកគាត់ និង​ក្រុមគ្រួសារ​។ កាយវិការ និង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ របស់លោក​ទាំងពីរ គឺជា​ការ​តបស្នង សងគុណ​រៀមច្បង អតីតយុទ្ធជន ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ នៅលើ​សមរភូមិ​ជាច្រើន ក្នុង​សម័យកាល ដែល​ប្រទេស​យើង ឆ្លងកាត់​សង្គ្រាម ដើម្បី​នាំមក​នូវ​សុខ សន្តិភាព ពេញលេញ បរិបូរណ៍ ដូច​ពេលបច្ចុប្បន្ន និង​មិនដែល​ធ្លាប់​កើតមាន ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នាពេល​ជាង ៥០០ ឆ្នាំ ចុងក្រោយ​នេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថាៈ សមិទ្ធផល​ទាំងទ្បាយ ដែល​បានដាក់​សម្ពោធ នា​ថ្ងៃនេះ គឺ​កើតចេញពី​កម្លាំង​សាមគ្គី ក្នុង​ទស្សនៈ​សិល្បៈ នៃ​ការចែករំលែក របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ទូទាំង​ខេត្តតាកែវ ព្រមទាំង សប្បុរសជន ជិត​ឆ្ងាយ ដែល​បាន​ជួយ​ជ្រោមជ្រែង ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក រង​តាកែវ អាច​សម្រេចបាន ការកសាង និង​អភិវឌ្ឍន៍​អង្គភាព​របស់ខ្លួន ឱ្យមាន​ទីតាំង​រឹងមាំ និង​យូរអង្វែង​។ មូលដ្ឋាន​នេះ ធានាបាន​ការការពារ បូរណភាព​ទឹកដី ការចូលរួម​ទប់ស្កាត់ បទល្មើស​ឆ្លងដែន​នានា និង​កិច្ច​សហ ប្រតិបត្តិការ​ជិតស្និទ្ធ ស្មើមុខស្មើមាត់ ជាមួយ​ភាគី​មិត្ត​។ ទីតាំង​ឈរជើង​នេះ ក៏បង្ក​លក្ខណៈ ដល់​ការបំពេញភារកិច្ច ដឹកនាំ​បញ្ជា និង​ការគ្រប់គ្រង កម្លាំង​សឹក​រង​ខេត្ត លើ​ការងារ​សហការ ការពារ​សន្តិសុខ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខេត្ត ជាពិសេស ការបន្ត​ត្រៀម ចូលរួមចំណែក ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩ ដែល​នៅ​មិនទាន់ ស្រាក​ស្រា​ន និង​បិទ​បញ្ចប់​ទាំងស្រុង នៅឡើយ​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គោរព​អរគុណ យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន បង្ហាញ​ភាពជា​អ្នកដឹកនាំ ប្រកបដោយ​គតិបណ្ឌិត ដោយបាន​ធ្វើការ​សម្រេច​ចិត្ត ជា​យុទ្ធសាស្ត្រ តាមរយៈ​ការ​វាយ តម្លៃ​ស្ថានការណ៍ និង​ពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ អារកាត់​រហ័ស ទាន់ពេលវេលា ទាំង​ក្នុង​ការទិញ វ៉ាក់សាំង ការបើក​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង និង​ការ ថែទាំ​ព្យាបាល នៅ​ទូទាំងប្រទេស ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ទាំង​ខ្មែរ និង​បរទេស ដោយ​មិនមាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ ណាមួយ​ទ្បើ​យ​៕/V​-PC