ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាង ក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យអប់រំពិសេស ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
នាឱកាសនោះ លោក ស សុខា និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស រួមមាន អង្ករ ២តោន, មី ១៨កេស, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, ត្រីខ ៣០០កំប៉ុង, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, នំធុង ៥ធុងធំ, ថ្នាំពេទ្យប៉ារ៉ា ១៥០ប្រអប់, ចាននិងចង្កឹះ ១០០ឈុត និងថវិកា ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៣៧នាក់ ម្នាក់ៗ ៤ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន ៩០នាក់ ម្នាក់ៗ ២ ម៉ឺនរៀល ។
លោកស សុខា និងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗ សិស្សានុសិស្ស ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ផងដែរ៕/V-PC