ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីលៀងសាយ ភោជន៍ដែល រៀបចំឡើងដោយលោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េនៅរាត្រីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២២,ក្នុងឱកាសដែលសម្ដេចតេជោនិង គណៈប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ” នាទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។

ពិធីលៀងសាយភោជន៍ដែលប្រារព្ធធ្វើឡើងនៅនិវេសនដ្ឋានរបស់លោកប្រធានសភា ,លោក Park Byeong-Seung មានប្រសាសន៍សម្ដែងការចូលរួមអបអរសាទរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ដ៏មានកិត្យានុភាពបំផុតពោលគឺស័ក្តិសមទៅនឹងគុណតម្លៃនិងមហាពលីកម្មសាច់ស្រស់ឈាមស្រស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងពិធីលៀងសាយភោជន៍នោះដែរលោកប្រធានរដ្ឋសភាកូរ៉េ និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរកម្ពុជា-កូរ៉េ។

ជាមួយគ្នានេះសម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាកូរ៉េដែលបានគាំទ្រនូវគម្រោងនានាដែលប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានស្នើឲ្យរដ្ឋសភាធ្វើការគាំទ្រនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ ។

សម្ដេចតេជោនិងឯកឧត្តមប្រធានសភាកូរ៉េក៏បានពិភាក្សាលើបញ្ហាជាច្រើនទៀតដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-សាធារណរដ្ឋ​ កូរ៉េពិសេសការជួយគ្នាទៅវិញទៅមកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរួមទាំងបញ្ហាជាច្រើនទៀតដែលបម្រើឲ្យតម្រូវការរបស់ប្រទេសនិងប្រជាជននៃប្រទេសទាំង ពីរ ៕