ដោយៈតារារិទ្ធ/ភ្នំពេញៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលដឹកនាំដោយលោក សួស យ៉ារ៉ា បានច្រៀងនូវចម្រៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅព្រឹកព្រលឹមថ្ងៃ ទី១៣ កុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់។

លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចម្រៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ នេះបានបង្ហាញថាលោក សួស យ៉ារ៉ាមាន លើកឡើងថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ដែលបានថ្លែង កាលពីថ្ងៃទី១២កុម្ភៈបានផ្តល់នូវការរំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេតែបានផ្តល់នូវភាពរំជួលចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។

លោកក្នុងនាមគណៈប្រតិភូទាំងអស់ឯកឧត្តមសូម ប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនបញ្ញាញាណភ្លឺថ្លាជន្មាយុយ៉ឺនយូរដើម្បីបន្តស្ថិតនៅក្នុងបេសកកម្មដឹកនាំព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេចឲ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។

នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ជាមួយកូនចៅរួមការងារទាំងអស់៕សរន